អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី១៩ខែសីហា មានអ្នកសារព័ត៌មានសួរថា៖យើងខ្ញុំបានសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការតភ្ជាប់គ្នារវាងចិននិងវៀតណាមមានភាពកាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ ផ្លូវរថភ្លើងឆ្លងគយរហ័សចិន-វៀតណាមបានបំបែកកំណត់ត្រានៃបរិមាណដឹកជញ្ជូនក្នុងមួយខែចំនួន៣លើកក្នុងអំឡុងពេល៧ខែដើមឆ្នាំនេះ ដែលបានឡើងដល់១៩២២TEUជាប្រវត្តិសាស្រ្ត។ គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោកតូឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាមបានចាប់ផ្តើមបំពេញទស្សនកិច្ចនៅប្រទេសចិននៅថ្ងៃទី១៨ខែសីហា តើភាគីទាំងពីរនឹងពិគ្រោះពិភាក្សាពីការបង្កើនថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យតភ្ជាប់គ្នាទេ?
គេហទំព័រ «CCFR China state-controlled media » លើកថា ៖ លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ផ្លូវរថភ្លើងចិន-វៀតណាមបានដាក់ឱ្យដំណើរការជាលើកដំបូងនៅខែវិច្ឆិកាឆ្នាំ២០១៧ ដែលបានត្រួសត្រាយច្រករបៀងថ្មីនៃការដឹកជញ្ជូនទំនិញរវាងចិននិងវៀតណាម។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពេលវេលាដឹកជញ្ជូននៃផ្លូវរថភ្លើងចិន-វៀតណាមបានបង្រួញខ្លីយ៉ាងលេចធ្លោ ប្រសិទ្ធភាពឆ្លងគយត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ហើយមុខងារជាមជ្ឈមណ្ឌលចរាចរណ៍ទំនិញត្រូវកែលម្អជាបន្តបន្ទាប់ ប្រភេទទំនិញចេញចូលដែនបានកើនឡើងយ៉ាងលេចធ្លោ ដែលបានក្លាយជាគន្លងផ្លូវល្បឿនលឿនសម្រាប់ជំរុញការប្រាស្រ័យទាក់ទងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
លោកស្រីMaoNingបានថ្លែងថា លោកតូឡឹមកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន យើងជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងជំរុញថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យតភ្ជាប់គ្នារវាងប្រទេសទាំងពីរ ជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាមឱ្យកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ ក៏ដូចជាផ្តល់សុខសុភមង្គលកាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ៕