ខេត្តកំពង់ឆ្នាំង៖ រថយន្តកូរ៉េមួយគ្រឿងបានរងនូវការខូចខាតខ្ទេចបន្ទាប់ពីចតទុកចោលនៅច្រាំងមាត់ទន្លេផ្សារក្រោម ហើយត្រូវខ្យល់បក់បោកបណ្តាលឲ្យប៉ើងធ្លាក់រថយន្តចូលទៅក្នុងច្រាំងទន្លេតែម្តង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
រថយន្តដែលធ្លាក់ចូលក្នុងច្រាំងទន្លេនេះជាររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខស្ទឹងត្រែង 2A-0104 របស់ប្រជាពលរដ្ឋនៅមូលដ្ឋានេះ ។
ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់រថយន្តត្រូវបានបើករថយន្តយកមកចតជាប់មាត់ច្រាំងទន្លេ ប៉ុន្តែមិនបានចាប់ហ្រ្វាំងដៃឲ្យជាប់នោះទេ លុះដល់វេលាកើតហេតុមានភ្លៀងនិងខ្យល់ យ៉ាងខ្លាំងបណ្តាលឲ្យរថយន្តកូរ៉េដែលចតទុកចោលរអិលប៉ើងធ្លាក់ចូលច្រាំងទន្លេតែម្តង ហើយរថយន្តបានខូចខាតទាំងស្រុង ក្រោយពេលកើតហេតុម្ចាស់រថយន្តបានហៅរថយន្តស្ទូចមកស្ទូចរថយន្តយកមកលើវិញ ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែខូចខាតឡានតែប៉ុណ្ណោះ ៕
ដោយ៖ ចន្ថា