ភ្នំពេញ៖ គេឃើញមួយរយៈពេលនេះ ទីតាំងហាងខារ៉ាអូខេ នគរសំរិទ្ធិ តែងតែមានរឿងរ៉ាមិនចេះឈប់ឈរ បន្ទាប់ពីភ្ញៀវដែលចូលទៅផឹកសុីនៅក្នុងនោះឈ្លោះប្រកែកគ្នាជាញឹកញ៉ាប់រហូតបង្កក្លាយជាហិង្សាវាយតបគ្នា ខ្លះបាញ់បោះសេរី ធ្វើឲ្យមានភាពអនាធិបតេយ្យ ជាក់ស្តែងនៅវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខារ៉ាអូខេ នគរសំរិទ្ធិ តាមផ្លូវលេខ១៨២(ទេពផន) សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមនុស្សប្រហែលជា៥នាក់សុទ្ធតែប្រុសបានឈ្លោះប្រកែកគ្នាដោយដើរចេញពីក្នុងហាងខារ៉ាអូខេ នគរសំរិទ្ធិ ដោយម្ខាងមានគ្នា២នាក់ និងម្ខាងទៀតមានគ្នា៣នាក់ បានមួយស្ទុះក្រោយមក ក៏ភាគីខាងប្រុស២នាក់បានដកកាំភ្លើងខ្លីបាញ់ឡើងលើផ្ទួនគ្នាចំនួន២គ្រាប់ ធ្វើឲ្យភាគីជម្លោះនិងសន្តិសុខហាងភ័យរត់ចែកជើងគ្នា ។ ចំណែកឯជនបង្កដែលបាញ់បោះសេរីនោះបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ ។
គួររំលឹកផងដែរថា មួយរយៈពេលកន្លងមកនេះគេឃើញហាងខារ៉ាអូខេ នគរសំរិទ្ធិ តែងតែមានជម្លោះស្ទើររាល់យប់ ហើយទីតាំងនេះបានយកចិញ្ចើមផ្លូវសាធារណៈមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន និងបង្កឲ្យមានការកក់ស្ទះជាងរាល់ថ្ងៃផងដែរ ។
ក្រោយកើតហេតុគេឃើញនគរបាលមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានត្រឹមតែរើសសំបកគ្រាប់កាំភ្លើងតែប៉ុណ្ណោះ ៕
ដោយ៖ ស ដារ៉ា