អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ស សុខា ចេញសេចក្តីប្រកាសបដិសេធចំពោះការផ្សព្វផ្សាយថា “លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាឱ្យព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធនឹងការមិនគាំទ្រគម្រោង CLV”!

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីបដិសេធ

អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត សូមជម្រាបជូនសាធារណជនជ្រាបថា ប៉ុន្មានថ្ងៃនេះ មានការ ផ្សព្វផ្សាយតាមបណ្តាញសង្គមដោយបានសរសេរថា៖«លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាអោយព័ទ្ធផ្ទះនិងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធការមិនគាំទ្រគម្រោង CLV ។ ជាក់ស្តែងនៅក្នុងប្រតិបត្តិការ ១៨ សីហា ឆ្នាំ ២០២៤ កន្លងទៅ លោក ស ខេង និង ស សុខា មិនគាំទ្រហើយក៏មិនអនុញ្ញាតឲ្យកម្លាំង សមត្ថកិច្ចរបស់ខ្លួនចេញប្រតិបត្តិការដែរ។ យើងឃើញកម្លាំងដែលចេញប្រតិបត្តិការទាំងអស់ គឺជាកម្លាំង របស់ ហ៊ុន សែន និង ទាហានយួនពាក់ឯកសណ្ឋានខ្មែរ»។

អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត សូមបដិសេធយ៉ាងដាច់អហង្ការ និងចាត់ទុកថា ការ ផ្សព្វផ្សាយខាងលើនេះ គឺជាព័ត៌មានមិនពិត មានការរៀបចំសេណារីយ៉ូមួលបង្កាច់ ខុសការពិត ដែល មានចរិតបម្រើគោលបំណងដ៏ពិសពុលជ្រុលនិយមរបស់ខ្លួន ក្នុងការបំបែកបំបាក់សាមគ្គីភាព ឯកភាព ផ្ទៃក្នុងយ៉ាងរឹងមាំ ជាពិសេសក្នុងចេតនាបង្កើតឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យមកលើគោល ជំហររបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុង ដឹកនាំប្រទេស និងការពារផលប្រយោជន៍ជាតិ និងប្រជាជន។ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត សូមបញ្ជាក់ដែរថា គ្មានការឃុំឃាំងខ្លួន សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និង លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅក្នុងគេហដ្ឋានដូចការផ្សព្វផ្សាយនោះឡើយ ដោយសម្តេចក្រឡាហោម និង លោកអភិសន្តិបណ្ឌិត មានសិទ្ធិសេរីភាពពេញលេញក្នុងបេសកកម្មការងារបម្រើជាតិ និង ប្រជាជនជាប្រក្រតី។

អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត សូមសង្កត់ធ្ងន់ថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំង អស់ចំណុះក្រសួងមហាផ្ទៃ គឺជាអាជ្ញាធរ កងកម្លាំងបម្រើការពារផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជន ពោលគឺពុំមែនជាអាជ្ញាធរកងកម្លាំងផ្តាច់មុខរបស់បុគ្គលណាមួយឡើយ ហើយក្នុងនាមក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតចំពោះរដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ឱ្យយកចិត្តទុកខ្ពស់ចំពោះសភាពការណ៍ធ្វើកុបកម្ម ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតរបស់ប្រជាជន ក្នុងអាណត្តិទី៧ ចាប់ពីថ្ងៃទី១៥ ដល់ ដំណាច់ខែសីហា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ។ ទន្ទឹមគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចក៏បានអនុវត្ត បទបញ្ជាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដែរ។

អ្នកនាំពាក្យ លោកអភិសន្តិបណ្ឌិត យល់ឃើញថា មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅ ប្រទេសតែងតែបានប្រើប្រាស់វិធីសាស្ត្រដដែលៗបង្កប់ដោយល្បិចកលពុតត្បុតនេះ អស់រយៈពេលជាច្រើន ឆ្នាំមកហើយ ដើម្បីប៉ុនប៉ងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំបន្ត វេនរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ តែយ៉ាងណា ទាំងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំ បន្តវេននៅតែបន្តរក្សាបាននូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ តាមរយៈការតម្កល់ឧត្តម ប្រយោជន៍រួមក្នុងបុព្វហេតុជាតិ និងប្រជាជន។

ជាក់ស្តែង កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈតាមរយៈ អ្នកនាំពាក្យ លោកអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់រួចហើយ និងបានអំពាវនាវផងដែរ ដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំង បងប្អូនជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ដែល ព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ដោយមិនគិតអំពីផលវិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន ដែលធ្លាប់ទទួលរងគ្រោះ និងហែលឆ្លងទុក្ខលំបាកវេទនារាប់មិនអស់រួចមកហើយក្នុង ប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ព្រោះតែល្បែងនយោបាយលាបពណ៌ ញុះញង់ និងបំបែកបំបាក់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print