ភ្នំពេញ៖ ពិធីដង្ហែសពអតីតតារាសម្តែង ហង្ស ផល្លីមធុរ៉ា ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃពុធទី៣ ខែសីហា ឆ្នាំ២០១៦ នៅវត្តទួលនាខណ្ឌឫស្សីកែវ។ មិនមានសិល្បករសិល្បការិនីច្រើនទេដែលបានចូលរួមក្នុងពិធីដង្ហែសព ជាកិច្ចលាគ្នាចុងក្រោយនេះ។
អតីតតារាសម្តែងប្រុសល្បីឈ្មោះទស្សវត្សរ៍ទី៩០លោកហង្ស ផល្លីមធុរ៉ា បានទទួលមរណៈភាពក្នុងវ័យ៥២ឆ្នាំកាលពីព្រឹកថ្ងៃទី១ខែសីហាឆ្នាំ២០១៦នេះដោយជំងឺដុះសាច់ក្នុងខួរក្បាល។ ជីវតិតួអង្គ«ស្តេចអាប៉ោង» ក្នុងរឿង «ជើងមេឃដាច់ស្រយាល» ហាក់កម្សតិជាតារាសប្រុសស្រីល្បីរួមជំនាន់លោក។ អ្វីដែលគួរសង្វែក និងកម្សត់គឺមុនពេលស្លាប់តារាសម្តែងរូបនេះមិនមានទ្រព្យសម្បត្តិសមរម្យទេគឺរស់នៅក្នុងផ្ទះជួលក្រោយពីចាញ់ក្តីអតីតភរិយា។
ក្នុងពិធីដង្ហែសពនេះដែរគេបានឃើញតែវត្តមានតារាសម្តែង និងផលិតករមួយចំនួនតូចចូលរួមប៉ុណ្ណោះមានដូចជា លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ អ្នកស្រីថុង ស៊ីវទៀង នាយិការផលិតកម្មចក្រវាឡពេជ្រភាពយន្ត តារាសម្តែងអ្នកស្រីចាន់ តារាទី តារាចម្រៀង លោក មាស សារិទ្ធ លោក ឱក បូនី អ្នកស្រី កាឡុង កាណារ៉ូជាដើម អ្នកស្រីហ៊ឹម ស្រីលាភ ភរិយាក្រោយលោក ហង្ស ផល្លីមធុរ៉ា បានបញ្ជាក់ថា ស្វាមីអ្នកស្រីបានស្លាប់បាត់បង់ជីវិតព្រោះតែជំងឺដុះសាច់ក្នុងខួរក្បាល ហើយធ្វើទុក្ខខ្លាំងក្នុងរយៈពេលបីខែនេះ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ីកាលពីថ្មីៗនេះ។ អ្នកស្រីបន្តថា ក្រោយចាញ់ក្តីអតីតភរិយាស្វាមីអ្នកស្រីមិនមានអ្វីសេសសល់ជាដុំកំភួនទេ គឺរស់នៅដោយការជួលផ្ទះគេតែប៉ុណ្ណោះ។ អ្វីដែលកាន់តែសង្វែកនោះគឺក្រោយរួមរស់ជាមួយនឹងភរិយាក្រោយបានប៉ុន្មានឆ្នាំចុងក្រោយនេះទើបនឹងមានកូនស្រីម្នាក់ដែលទើបមានវ័យ៣ខែប៉ុណ្ណោះដែលសូម្បីតែមុខមាត់កូនក៏លោក ហង្ស ផល្លីមធុរ៉ា មិនបានស្គាល់ច្បាស់ផងព្រោះតែមុនពេលកូនស្រីកើតគឺលោកចាប់ផ្តើមធ្វើទុក្ខក្នុងខ្លួនទៅហើយ។
ក្នុងរយៈពេលពិធីបុណ្យពីរថ្ងៃនេះគេហាក់មិនបានឃើញវត្តមានសិល្បករច្រើនចូលរួមនោះទេគឺមានតែសិល្បករមួយចំនួនតូចប៉ុណ្ណោះ ប៉ុន្តែក៏មានសិល្បករមួយចំនួនផ្ញើថវិកាចូលរួមសម្រាប់ពិធីបុណ្យសពនេះផងដែរ៕
ដោយ៖ វឌ្ឍនា