ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) បើកទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

ចែករំលែក៖

ភ្នំពេញ ៖ លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ព្រមទាំងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) មន្រ្តីរាជការ បុគ្គលិកនៃវិស័យជន ដៃគូអភិវឌ្ឃន៍ និងប្រជាពលរដ្ឋ ជាច្រើននាក់ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានចូលរួមរើសសំរាម សំអាតអនាម័យបរិស្ថាន ក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅតាមដងទន្លេសាប រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា បរិមាណសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ បានកើតទឿងជាលំដាប់ ដោយប្រៀបធៀបឆ្នាំ២០០៩ និងបច្ចុប្បន្ននេះ បានកើនឡើងរហូត ៣ដង ពោលគឺនៅក្នុងឆ្នាំ២០០៩ បរិមាណសំរាម មានប្រមាណជាង ១០០០តោន ក្នុងមួយថ្ងែ តែនៅក្នុងឆ្នាំ២០២៤នេះ បរិមាណសំរាម មានប្រមាណ៣៥០០តោន ក្នុងមួយថ្ងៃ។ នេះដោយសារកំណើនប្រជាពលរដ្ឋចូលមករាជធានីភ្នំពេញ ជាមួយនិងកំណើនសេដ្ឋកិច្ចផងដែរ។

ក្រុមហ៊ុនដឹកជញ្ជូនប្រមូលសំរាមចំនួន ៣ កំពុងប្រតិបត្តិការ នៅរាជធានីភ្នំពេញ ធ្វើឱ្យអនាម័យ សោភ័ណភាព និងបរិស្ថានមានភាពល្អប្រសើរ មិនមានសំរាម កកស្ទះនៅតាមដងផ្លូវដូចមុន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការសំអាត ការប្រមូលសំរាម នៅរាជធានីភ្នំពេញក៏នៅមានបញ្ហាប្រឈមដែរ ដោយសារចំណេះដឹងប្រជាពលរដ្ឋ លើការទុកដាក់សំរាមនេះ នៅមានកំរិត ជាមួយនឹងការបញ្ចេញសំរាមមិនត្រឹមត្រូវតាមម៉ោងពេលជាដើម។

ក្នុងឱកាសនោះ លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថាយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»ជាកម្មវិធីសំអាតពិភពដែនដី ហើយការសំអាតភពផែនដី ដូចយើងសំអាតផ្ទះយើងអញ្ចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើឱ្យជីវិតយើងមិនល្អទៅតាមហ្នឹងដែរ»។

លោក បណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ផងដែរថា៖ សុខភាពបរិស្ថានមាន៣ គឺទី១៖ បរិស្ថានលើមេឃ, ទី២៖ បរិស្ថានលើដី និងទី៣៖ បរិស្ថានក្នុងទឹក។ ក្រសួងបរិស្ថានបាននឹងកំពុងទប់ស្កាត់ជាតិពុលនៅក្នុងបរិស្ថានទាំង៣នេះ។ ចំពោះភាពស្អាតទី១ បរិស្ថានលើមេឃ គឺខ្យល់នៅកម្ពុជា មិនមានជាតិពុលទេ តាមរយៈការត្រួតពិនិត្យ ជាប្រចាំថ្ងៃរបស់ក្រសួងបរិស្ថាន។

ទី២៖ ភាពស្អាត បរិស្ថានលើដី យើងបានផ្សព្វផ្សាយពីផលប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងការប្តេជ្ញាចិត្តធ្វើឱ្យបរិស្ថានល្អប្រសើរឡើង។ ដូចជាការលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិក យើងមានអ្នកបេ្តជ្ញាចិត្ត ដោយមានអ្នកចូលរួមលុបបំបាត់ ប្រមាណជាង៩លាន ៥សែននាក់។ លោកបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវការជឿជាក់ថា នៅឆ្នាំ២០២៥ នឹងគ្មានថង់ប្លាស្ទិក ហោះតាមផ្លូវទៀតទេ។

ទី៣៖ បរិស្ថានក្នុងទឹក ក្រសួងបរិស្ថាន បាននិងកំពុងយកចិត្តទុកដាក់ ដោយដាក់ឧបករណ៍តាមដានពីគុណភាពទឹក ធ្វើយ៉ាងណាឱ្យប្រភពទឹកមានបរិស្ថានល្អ។ ចំពោះការ ការជំរុញ ជុំវិញបញ្ហានេះដែរ ក្រសួងបរិស្ថានជំរុញឱ្យរោងចក្រសហគ្រាសបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពឹក ដើម្បីធានាថាទឹកបញ្ចេញមកក្រៅរបស់រោងចក្រសហគ្រាស ស្អាត មិនបំពុលប្រភពទឹកធម្មជាតិ និងសុខភាពប្រជាពលរដ្ឋ។

លោក បណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ បន្តចូលរួមធ្វើអោយបរិស្ថានទាំង៣ខាងលើល្អ ស្អាតទាំងអស់គ្នា។ «សុខភាពបរិស្ថានល្អ វានឹងនាំឱ្យសុខភាពមនុស្ស សត្វនៅលើលោកនេះ ក៏ល្អដូចគ្នាដែរ » នេះជាប្រសាសន៍លើកឡើងបន្ថែម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print