ក្រសួងរៀបចំដែនដីទទួលស្គាល់ពីសំណង់ក្រុមហ៊ុន Grand Phnom Penh មានចំណុចខ្វះខាតបច្ចេកទេស​លើធ្នឹម

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកនិងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានរិះគន់យ៉ាងខ្លាំងទៅលើសំណង់អាគារផ្ទះល្វែងរបស់បុរីក្រុមហ៊ុន Grand Phnom Penh ថា គ្មានគុណភាព ធ្នឹមពុកស្អុយជាដើម ជាចំណុចរសើបយ៉ាងសំខាន់ ដែលតម្រូវឲ្យថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ត្រូវចុះពិនិត្យនិងសិក្សារកឲ្យឃើញពីចំណុចខ្វះខាតឬខុសបទដ្ឋានបច្ចេកទេស និងការកេងចំណេញបច្ចេកទេសជាដើម ដើម្បីប្រយោជន៍ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដែលជាអតិថិជន ជាវសំណង់ផ្ទះល្វែងឬវីឡាពីសំណង់ក្រុមហ៊ុន Grand Phnom Penh នេះ។

...

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានចេញសេចក្ដីប្រកាសព័ត៌មានដោយបញ្ជាក់ថា ក្រុមការងារបានពិនិត្យសំណង់ជារួមឃើញថា មានការខ្វះខាតមួយចំនួនជាពិសេសនៅលើធ្នឹម ប៉ុន្តែមិនប៉ះពាល់ដល់សុវត្ថិភាពគ្រឿងបង្គុំសំណង់ឡើយ។

ដោយឡែកតំណាងក្រុមហ៊ុន Grand Phnom Penh បានទទួលស្គាល់នូវចំណុចខ្វះខាតខាងលើដែលបង្កដោយអ្នកម៉ៅការសំណង់ ហើយមានបានកែសម្រួលតាមលក្ខណៈបច្ចេកទេស។

គួរំលឹកថា មួយរយៈកន្លងទៅនេះ គេសង្ស័យថា អាចជាអតិថិជនជាវផ្ទះល្វែងពីសំណង់ក្រុមហ៊ុន Grand Phnom Penh បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកដោយរិះគត់យ៉ាងចាស់ដៃថា សំណង់ផ្ទះល្វែងក្រុមហ៊ុននេះគ្មានគុណភាព បន្ទាប់ពីឃើញធ្នឹមចាក់គ្មានបច្ចេកទេស ពុកស្អុយ ជ្រុះស៊ីម៉ង់ត៍ បេតុង ចេញដែកជាដើម ។ ករណីនេះមានការព្រួយបារម្ភលើបញ្ហាគ្រោះថ្នាក់អាចប្រឈមក្នុងពេលណាមួយដល់អ្នករស់នៅ។

ជាទូទៅសំណង់បុរីធំៗ នៅរាជធានីភ្នំពេញមួយចំនួន ហាក់ដូចជាមានចេតនាកេងចំណេញលើបច្ចេកទេសហើយពង្រឹងតែទៅលើគុណភាពផ្នែកសោភ័ណភាពសំណង់តែប៉ុណ្ណោះ ប្រយោជន៍ទាញយកការចាប់អារម្មណ៍ពីអតិថិជន។ បញ្ហានេះគួតែខាងក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ យកចិត្តទុកដាក់ពិនិត្យទៅលើបច្ចេកទេសនៃការសាងសង់សំណង់បុរីនីមួយៗ ដើម្បីធានាឲ្យបាននូវគុណភាពតាមស្តង់ដារបច្ចេកទេស ជៀសវាងកើតឡើងបញ្ហាស្រុតប្រេះស្រាំ បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលជាអតិថិជនជាវសំណង់ជាផ្ទះល្វែង វីឡាកូនកាត់ វិឡាភ្លោះ នេះជាដើម។ ដូចជាករណីសំណង់ក្រុមហ៊ុន Grand Phnom Penh ខាងក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ទទួលស្គាល់ថា មានកំហុស ចំណុចខ្វះខាតលើបច្ចេកទេស ពិតប្រាកដ ហើយខាងតំណាងក្រុមហ៊ុនក៏ទទួលស្គាល់ការពិតពីកំហុសរបស់ខ្លួន ចុះបើខាងក្រុមការងារក្រសួងមិនមានវិធានការទេនោះ តើការធ្វេសប្រហែសឬចេតនាកេងចំណេញបច្ចេកទេសរបស់ក្រុមហ៊ុន Grand Phnom Penh ដើម្បីទាញយកផលចំណេញ? តើសម្រាប់ថ្ងៃអនាគតអតិថិជនអាចនឹងរងគ្រោះជាយថាហេតុណាមួយជាក់ជាពុំខាន? ៕

IMG_0219

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print