ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបំភ្លឺករណីថា ៖ «ចិនមានលុយ ខ្មែរសូមអង្វរ នគរបាលចរាចរណ៍ គោលដៅវាលរំពេចំណុចអូរពងមាន់ ខេត្តស្ទឹងត្រែង! ចាប់ជនជាតិចិនសំរួលយកលុយ ចាប់ខ្មែរអនុវត្តច្បាប់ ហ៊ឺវាសនាខុសគ្នាមែន! »

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន អ្នកប្រើប្រាស់ បណ្ដាញសង្គមហ្វេសប៊ុក និងអ្នកប្រើប្រាស់ TiK Tok ក្រោយពីទទួលបានព័ត៌មានអំពីការចុះផ្សាយ របស់សារព័ត៌មាន គេហទំព័រ និង TiK Tok ដែលបានយក វីដេអូរបស់ឈ្មោះ ឡុច វីរៈ បានចុះផ្សាយ និងបង្ហោះ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដែលមានខ្លឹមសារ៖ ចិនមានលុយ ខ្មែរសូមអង្វរ នគរបាលចរាចរណ៍ គោលដៅវាលរំពេចំណុចអូរពងមាន់ ខេត្តស្ទឹងត្រែង! ចាប់ជនជាតិចិនសំរួលយកលុយ ចាប់ខ្មែរអនុវត្តច្បាប់ ហ៊ឺវាសនាខុសគ្នាមែន! “ មេត្តាជ្រាបថា៖ ឆ្លើយតបចំពោះអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ្នកប្រើប្រាស់ TIK Tok ខាងលើ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនថា៖ កាលពីថ្ងៃទី១១ ខែសីហាឆ្នាំ២០២៤ កម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានដាក់គោលដៅត្រួតពិនិត្យ រឹតបន្ដឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅចំណុចវាលរំពេ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ផ្លូវជាតិលេខ ៧៨ ចន្លោះគីឡូម៉ែត្រលេខ ០៧-០៨ ដោយអនុវត្តបាញ់ល្បឿនកំណត់ផ្លាកសញ្ញា ៨០គីឡូម៉ែត្រក្នុងមួយម៉ោង បាន ធ្វើការផាកពិន័យទៅលើរថយន្ត ០១គ្រឿង ម៉ាក FORD ពាក់ផ្លាកលេខ ភ្នំពេញ 2B0-0863 បើកបរដោយឈ្មោះ ឡុច វីរៈ ភេទ ប្រុស អាយុ ៣៩ឆ្នាំ ដែលបើកបរល្បឿន ១២៨គីឡូម៉ែត្រក្នុងមួយម៉ោង ដែលច្បាប់ចរាចរណ៍ ផ្លូវគោកកំណត់លើសល្បឿនចាប់ពី ៤០គីឡូម៉ែត្រឡើងទៅ ត្រូវពិន័យជាថវិកាចំនួន ៣០០,០០០រៀល (បីរយពាន់រៀលគត់) និងកាត់ពិន្ទុប័ណ្ណបើកបរចំនួន ០៤ពិន្ទុ ដោយមន្ត្រីនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានចេញបង្កាន់ដៃពិន័យទៅឲ្យលោក ឡុច វីរៈ ទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក ។

លោក ឡុច វីរៈ បានយកវីដេអូនៅក្នុងកាមេរ៉ារថយន្តរបស់ខ្លួនធ្វើការបង្ហោះចែកចាយដល់សារព័ត៌មាន ដោយនិយាយចោទមកលើ លោកអនុសេនីយ៍ឯក សុវណ្ណ វីរៈ ជានាយរងផ្នែក នៃការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក យកលុយពីជនជាតិចិន គឺជារឿងមិនពិត ។ ដោយរថយន្តម៉ាកស្តារិច ០១គ្រឿង បើកបរដោយជនជាតិចិន ក្នុងល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានមន្ត្រីនគរបាលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើការបញ្ឈប់រថយន្ត ធ្វើការអប់រំណែនាំ និងបានធ្វើការត្រួតពិនិត្យទៅលើប័ណ្ណបើកបររបស់ជនជាតិចិន មានសុពលភាពត្រឹមត្រូវ ពី ព្រោះល្បឿននេះ ត្រឹមតែធ្វើការអប់រំណែនាំ មិនមានការពិន័យ ឬបានយកលុយពីជនជាតិចិនខាងលើនោះទេ ក៏អនុញ្ញាតឲ្យធ្វើដំណើរបន្ត ។

ក្រោយពីដឹងកំហុសឆ្គងរបស់ខ្លួន លោក ឡុច វីរៈ ក៏បានសុំធ្វើការលុបវីដេអូ និងបានចេញវីដេអូធ្វើការ សុំទោសដែលនិយាយប៉ះពាល់ដល់កិត្តិយសមត្ថកិច្ច ក៏ដូចជាមន្ត្រីនគរបាលដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងផងដែរ ។

ស្នងការដ្ឋាននគរបាលខេត្ត រង់ចាំទទួលស្វាគមន៍ជានិច្ចនូវរាល់ការចូលរួមកែលម្អក្នុងន័យស្ថាបនា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print