Update៖​ ត្រៀមបញ្ជូនខ្លួន​លោកផ្កាយ៣ ស៊ុន​ ហួរ​ ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​ ពាក់ព័ន្ធ​ករណីលក់ដីខ្យល់​ ដែលមានទំហំទឹកប្រាក់ជាង​ ៣លានដុល្លារ​ ទៅតុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ឧត្តមសេនីយ៍ឯក ​ស៊ុន​ ហួរ​ ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​បណ្ដឹង​របស់​ជនរងគ្រោះ​ម្នាក់​ដែល​បានប្ដឹង​ចោទប្រកាន់​ពី​បទ​ រំលោភ​ទំនុកចិត្ត​ ប្រេីប្រាស់​ឯកសារ​ក្លែងក្លាយ​ និង​ក្លែងបន្លំឯកសារសាធារណៈ​ លក់ដីខ្យល់​មាន​ទំហំ​ទឹកប្រាក់ជាង​ ៣លានដុល្លារ​អាមេរិក​។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០២៤នេះថា៖ លោក​ ស៊ុន ហួរ ត្រូវបានឃាត់ខ្លួនពីបទឆបោក ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង ដែលមានទឹកប្រាក់ប្រមាណ ៣លាន៦៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។

លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់បន្ថែមថា​ ជនសង្ស័យឈ្មោះ ស៊ុន ហួរ មានអាយុ៥៥ឆ្នាំ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៦ ខែសីហាម្សិលមិញនេះ​ ដោយអនុវត្តតាមបញ្ជារបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតាមបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមជម្រាបជូនថា លោកឧត្ដមសេនីយ៍ឯក ស៊ុន ហួរ មានតួនាទីជាទីប្រឹក្សាក្រសួងមហាផ្ទៃ ត្រូវបានរងនូវបណ្តឹងចោទប្រកាន់ថាបានយកប្លង់ដីចំនួន៧ប្លង់ទៅដាក់យកប្រាក់ពីដើមបណ្តឹងមាន៣ករណីសរុបទឹកប្រាក់ប្រមាណជាង៣​លាន​ដុល្លារអាមេរិក។ ការឃាត់ខ្លួននោះ បន្ទាប់ពីសមត្ថកិច្ចបានកោះអញ្ជើញលោកឲ្យទៅឆ្លើយបំភ្លឺតាមពាក្យបណ្តឹងរបស់ភាគីដើមចោទ។

បើតាមការបង្ហើបឱ្យដឹងពីសមត្ថកិច្ច ប្លង់ដីនោះនៅពេលដាក់តម្កល់យកប្រាក់ គឺឈ្មោះលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ប៉ុន្តែនៅពេលភាគីដើមបណ្តឹងយកទៅផ្ទៀងផ្ទាត់ជាមួយសូរិយោដី ទើបមានការឆ្លើយតបមកវិញថា ជាប្លង់ដីមិនមែនរបស់ឈ្មោះ ស៊ុន ហួរទៅវិញ។ ចំណុចនោះហើយដែលធ្វើឱ្យម្ចាស់ប្រាក់កើតទុកមិនសុខចិត្តប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

...

បច្ចុប្បន្ន​កម្លាំងជំនាញ​កំពុងរៀបចំ​សំណុំរឿង​បញ្ជូន​លោក​ឧត្តមសេនីយ៍ឯក ​ស៊ុន​ ហួរ​ ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បី​អនុវត្ត​នីតិវិធី​ច្បាប់​ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print