ភ្នំពេញ៖ អ្នកនាំពាក្យបានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម កំពុងចរចានាំយកផលិតផលខ្មែរ ដើម្បីដាក់តាំងបង្ហាញលក់លើទីផ្សារអនឡាញដ៏ធំរបស់ពិភពលោក គឺ Amazon នាពេលខាងមុខនេះ បន្ទាប់ពីផលិតផលខ្មែរប្រមាណ ២៦០០០ប្រភេទ ត្រូវបានដាក់លក់លើផ្សារអនឡាញខ្នាតយក្សរបស់ចិនរួចមក។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា បច្ចុប្បន្នផលិតផលខ្មែរប្រមាណជាង ២៦០០០ប្រភេទ ត្រូវបានចរាចរណ៍ដាក់លក់នៅលើផ្សារអនឡាញ Alibaba.com របស់ចិន គិតចាប់ពីកម្ពុជាចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ជាមួយក្រុមហ៊ុន Alibaba.com កាល ពីខែតុលា ឆ្នាំ២០២៣។ ផលិតផលខ្មែរ ដែលដាក់លក់នៅលើផ្សារអនឡាញរបស់ចិននេះ រួមមាន៖ អង្ករ ផ្លែមៀន ទុរេន គ្រាប់ស្វាយចន្ទីរ ដំណាប់ស្វាយ ចេក អាហារសម្រន់ និងផលិតផលផ្សេងៗទៀត។
លោករដ្ឋលេខាធិការបានអះអាងថា ក្រសួងពាណិជ្ជកម្ម កំពុងចរចាជាមួយក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំនៅលើពិភពលោក គឺក្រុមហ៊ុន Amazon របស់អាមេរិក ដើម្បីឲ្យផលិតផលខ្មែរ អាចដាក់តាំងបង្ហាញលក់នៅលើទីផ្សារលំដាប់អន្តរជាតិមួយនេះបាននាពេលខាងមុខដ៏ខ្លី។ Amazon គឺជាទីផ្សារលក់ផលិតផលលំដាប់ទី១ នៅលើពិភពលោក ដែលមានអ្នកចូលទស្សនាស្វែងរកទិញផលិតផលជិត ៤,៨ពាន់លានដងក្នុងមួយឆ្នាំ។
លោកអ្នកនាំពាក្យបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺរឿងដ៏សំខាន់នៅក្នុងសម័យទំនើបនេះ ហើយដើម្បីជួយរកទីផ្សារជូនកសិករ សិប្បករ និងអ្នកផលិត ជាពិសេសសហគ្រាសធុនតូច និងមធ្យម។
គួររំលឹកថា លោកស្រី ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីខែមុន បានជួបជាមួយលោក Darren Ong ដែលតំណាងឲ្យក្រុមហ៊ុន Amazon ដែលជំនួបនេះ បានពិភាក្សាអំពីលទ្ធភាពក្នុងការចូលរួមសហការរវាងកម្ពុជា និងក្រុមហ៊ុន Amazon ដើម្បីជំរុញឱ្យមានការចូលរួមផុសផុលពីអ្នកលក់កម្ពុជាលើថ្នាលពាណិជ្ជកម្មតាមអនឡាញ Amazon និង ជំរុញការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល និងលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរវាងប្រទេសកម្ពុជា និងក្រុមហ៊ុន Amazon៕