ភ្នំពេញ៖ ការនាំចេញស្ករត្នោតកំពង់ស្ពឺនៅឆ្នាំ២០២៤ នេះមានការកើនឡើង។ ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ សមាគម ប្រមូលបានទិន្នផលស្ករត្នោតជាប្រភេទស្ករសម្រាប់ទីផ្សារនាំចេញ សរុបទម្ងន់ ១០៥តោន កើន ឡើងខ្ពស់ជាងឆ្នាំ២០២៣។
លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានមានប្រសាសន៍ថា ឆ្នាំកន្លងទៅ អ្នកឡើង ត្នោតជួបបញ្ហាជាច្រើន ដូចជា ការប្រែប្រួលអាកាសធាតុ ដែលក្នុងរដូវប្រាំងឆ្នាំនោះ មានសភាពក្តៅខ្លាំង និងម្យ៉ាងទៀតប្រជាកសិករខ្វះកម្លាំងឡើងត្នោត ជាដើម។
ប្រធានសមាគមបានលើកឡើងថា ការប្រមូលទិន្នផលស្ករត្នោតក្នុងឆ្នាំនេះ មានកំណើនល្អ ចំណែកតម្លៃនៃការលក់ចេញនៅទីផ្សារវិញ ក៏បានងើបឡើងល្អប្រសើរផងដែរ ជាក់ស្តែងការលក់ចេញស្ករត្នោតនៅក្នុងឆ្នាំនេះ ក្នុងមួយគីឡូស្ករត្នោត មានតម្លៃជាង ៨ពាន់រៀល ខណៈនៅ ក្នុងឆ្នាំ២០២៣ កន្លងមក ស្ករត្នោត១គីឡូក្រាមលក់បានជាង ៧ពាន់រៀលតែប៉ុណ្ណោះ។
គួរបញ្ជាក់ថាតាមសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បច្ចុប្បន្នសមាគម មានដៃគូប្រមូលទិញស្ករត្នោតជា ច្រើន ក្នុងនោះ បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសចំនួន ១៥ប្រទេស ខណៈដែលភាគច្រើន ការនាំចេញស្ករសាច់ ២០តោន និងស្ករម៉្សៅម៉ត់ ៨៥តោន។ ដោយឡែក សមាគមនៅសល់ស្ករវង្វង់ជាង ២០តោនទៀត ដែលមិនទាន់បានបញ្ចេញលក់អស់នៅឡើយ មូលហេតុដោយសារទីផ្សារនៅឥណ្ឌា នៅចង្អៀតបន្តិចមានការទិញតិចតួចសម្រាប់ទីផ្សារយើងប៉ុណ្ណោះ៕