បទវិភាគអន្តរជាតិ ៖ ប្រទេសចិននឹងនាំមកនូវ “ភាពបៃតង”កាន់តែច្រើនដល់ការអភិវឌ្ឍពិភពលោក និងផ្តល់ផែនការចិនកាន់តែច្រើនដល់អភិបាលកិច្ចប្រព័ន្ធអេកូឡូស៊ីសកល

ចែករំលែក៖

អន្តរជាតិ ៖ ប៉ុន្មានថ្ងៃកន្លែងទៅនេះ ដំរីអាស៊ីដែលរស់នៅនៅតំបន់Xishuangbanna ខេត្តយូណាននៃប្រទេសចិនបានចេញដើរលេងជាក្រុម ។ ក្រោមកិច្ចការពារពីប៉ូលីសនិងអ្នកតាមដានត្រួតពិនិត្យតំបន់នោះ ដំរីចំនួន៤២ក្បាលបានដើរបណ្ដើរលេងបណ្ដើរ ចុងក្រោយក៏បានត្រឡប់ទៅតំបន់អភិរក្សវិញ ។ រឿងរ៉ាវរបស់ក្រុមដំរីដែលបានត្រឡប់ទៅវិញដោយសុវត្ថិភាពម្តងហើយម្តងទៀត ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតមានការចាប់អារម្មណ៍និងពិភាក្សាយ៉ាងក្ដៅគគុក ។ នេះជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ។

គេហទំព័រ «CCFR China state-controlled media » បានបញ្ជាក់ថា ៖ លោក Xiong Zhaoyong អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងអភិរក្សដំរីអាស៊ីនៃតំបន់Xishuangbanna បានថ្លែងថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងពីភាគីជាច្រើន នៅតំបន់នោះ មនុស្សនិងដំរីបានរស់នៅដោយសុខដុមរមនាពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនបានអភិរក្សដំរីអាស៊ីដោយស្ម័គ្រចិត្ត ។
គេហទំព័រ «CCFR China state-controlled media » សរសេរថា ៖ នេះជាការឆ្លុះបញ្ចាំងមួយនៃការអភិរក្សអេកូឡូស៊ីរបស់ប្រទេសចិន ។ នៅប្រទេសចិន គំនិតអភិរក្សអេកូឡូស៊ីបានជ្រាបចូលទៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជនរួចទៅហើយ ។ កិច្ចប្រជុំលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះបានធ្វើការចាត់ចែងរៀបចំជាពិសេសអំពីកំណែទម្រង់ប្រព័ន្ធច្បាប់អរិយធម៌អេកូឡូស៊ីឱ្យស៊ីជម្រៅ ដាក់ចេញនូវប្រព័ន្ធអភិបាលកិច្ចបរិស្ថានអេកូឡូស៊ីដ៏ល្អពេញលេញ និងពង្រឹងយន្តការសម្របសម្រួលការងារអភិរក្សជីវចម្រុះ ។ តាមពិតទៅ ការអភិរក្សបរិស្ថានអេកូឡូស៊ី គឺជាការការពារសមត្ថភាពផលិតកម្ម ការកែលម្អបរិស្ថានអេកូឡូស៊ីគឺជាការអភិវឌ្ឍសមត្ថភាពផលិតកម្ម ។
គេហទំព័រ «CCFR China state-controlled media » បានលើកឡើងថា ៖ ការអភិវឌ្ឍបៃតង ជាមូលដ្ឋាននៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ។ កិច្ចប្រជុំលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានលើកឡើងថា នឹងធ្វើឱ្យយន្តការអភិវឌ្ឍន៍បៃតងនិងកាបូនទាបមានសុក្រឹតភាព នៅចុងខែកក្កដា ប្រទេសចិនបានបោះពុម្ពផ្សាយ «សេចកី្តណែនាំស្តីពីការពន្លឿនបរិវត្តកម្មបៃតងគ្រប់ជ្រុងជ្រោយលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម » ដែលបានធ្វើការចាត់ចែងរៀបចំជាប្រព័ន្ធចំពោះការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយជាលើកដំបូង ។ ក្រោមការជំរុញដោយឯកភាពរបស់គោលនយោបាយមួយចំនួន ប្រទេសចិនមានភាពរស់រវើកយ៉ាងពេញលេញ ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ នៅក្រុមហ៊ុនសាជីវកម្មប្រេងឥន្ធនៈនិងឧស្ម័នជាតិចិនប្រចាំនៅខេត្តយូណានដែលស្ថិតនៅក្រុងKunming ឆ្លងតាមរយៈការងារជិត២០ដំណាក់កាលដូចជាការច្រោះចោលប្រេង ជីវគីមីសាស្រ្តនិងចម្រាញ់ជាដើម ទឹកសំណល់ចំនួនប្រហែល៨០ភាគរយអាចត្រូវប្រើប្រាស់ជាថ្មីឡើងវិញ ។ “មិនឱ្យប្រេងកខ្វក់មួយតំណក់ធ្លាក់លើដី មិនឱ្យឧស្ម័នបំពុលលើសពីស្តង់ដារបញ្ចេញមកក្រៅ មិនឱ្យទឹកសំណល់លើសពីស្តង់ដារមួយតំណក់ហូរចូលក្នុងទន្លេ” នេះជាការបង្ហាញជាក់ស្តែងនៃការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន ។
ការបង្កើតខ្សែសង្វាក់ឧស្សាហកម្មថាមពលថ្មីធំបំផុតនិងពេញលេញបំផុតនៅលើពិភពលោក នៅ២០២៣ បរិមាណចំណាយថាមពលនៃតម្លៃផលិតផលក្នុងស្រុកសរុបគិតជាឯកតានិងការបញ្ចេញកាបូនបានកាត់បន្ថយចំនួន២៦ភាគរយនិង៣៥ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងឆ្នាំ២០១២ ។ល។ ប្រទេសចិនបានក្លាយជាកម្លាំងចលករដ៏សំខាន់នៃការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយរបស់ពិភពលោកទាំងមូល ។យោងតាមរបាយការណ៍របស់ការិយាល័យថាមពលអន្តរជាតិ នៅឆ្នាំ២០២៣ ក្នុងសមត្ថភាពផ្ទុកថាមពលអាចកកើតឡើងវិញនៅទូទាំងពិភពលោក ការរួមចំណែករបស់ចិនបានលើសពី៥០ភាគរយ ។ ឥស្សរជនវិភាគអន្តរជាតិសម្គាល់ឃើញថា ប្រទេសចិនបានខិតខំប្រឹងប្រែងជំរុញភាពស៊ីសង្វាក់គ្នារវាងការអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិរក្សអេកូឡូស៊ី ដែលមានតម្លៃសម្រាប់ប្រទេសដទៃទៀតយកទៅសិក្សារៀនសូត្រ។
“ភ្នំបៃតងទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់” ។ រឿងរ៉ាវនីមួយៗបានបង្ហាញថា អ្វីដែលប្រទេសចិនស្វែងរក គឺការធ្វើទំនើបកម្មដែលមនុស្សនិងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមរមនា។ ក្នុងដំណើរនេះ “សន្ទស្សន៍អេកូឡូស៊ី”របស់ភ្នំបៃតងទឹកស្អាត និង “សន្ទស្សន៍សុភមង្គល”របស់ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានលើកកម្ពស់ក្នុងពេលដំណាលគ្នា ។ នៅពេលអនាគត ប្រទេស ចិននឹងនាំមកនូវ “ភាពបៃតង”កាន់តែច្រើនដល់ការអភិវឌ្ឍពិភពលោក និងផ្តល់ផែនការចិនកាន់តែច្រើនដល់អភិបាលកិច្ចប្រព័ន្ធអេកូឡូស៊ីសកល ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print