ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោក Wayne C. Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN Business Council – CABC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនាព្រឹកនេះ បច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ត្រូវបានលើកយកមកជជែកពិភាក្សា ដោយបានផ្តោតជាពិសេសទៅលើលទ្ធភាព និងឱកាសនៃការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មចំណីអាហារ និងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់នានា ដែលមានភាពពាក់ព័ន្ធ។ ភាពរីកចម្រើនក្នុងវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មចំណីអាហារ មិនត្រឹមតែនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជា ដែលជាប្រទេសកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែការវិនិយោគក្នុងវិស័យទាំងពីរខាងលើ នឹងចូលរួមធានាបាននូវសន្តិសុខស្បៀង ក្នុងសង្គមជាតិផងដែរ៕