ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបលោកលី កាន់ជៀ ដើម្បីផ្លាស់ប្តូរបទពិសោធការងារ និងស្វែងយល់ពីគ្នាទៅវិញទៅមកលើកិច្ចការងារដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ

ចែករំលែក៖

ប្រទេសចិន៖ ដោយឈរលើស្មារតី នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងចាត់តាំង នៃសាធារណរដ្ឋប្រជាមានិតចិន លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងគណៈប្រតិភូកម្ពុជាអញ្ជើញជួបសំណេះសំណាលពិភាក្សាការងារ ជាមួយលោក លី កាន់ជៀ សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្រ្តីក្រសួងចាត់តាំងនៃ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ នីស្តចិន នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២ ០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរបទពិសោធការងារ និងស្វែងយល់ពីគ្នាទៅវិញទៅមកលើកិច្ចការងារដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ ដែលស្ថិតក្រោមវិសាលភាពការងាររបស់ស្ថាប័នទាំងពីរ ព្រមទាំងព័ត៌មានជុំវិញប្រធានបទពាក់ព័ន្ធនឹងប្រព័ន្ធរដ្ឋបាលសាធារណៈ នៃប្រទេសទាំងពីរ។

កន្លងមកនេះ ក្រសួងមុខងារសាធារណៈមានទំនាក់ ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលមុខងារសាធារណៈជាតិចិន ដែលជាស្ថាប័នចំណុះក្រសួងចាត់តាំង ដោយបានចុះអនុស្សារណៈយោគយល់គ្នាលើកិច្ចសហ ប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមុខងារសាធារណៈ ហើយក៏បានបន្តអនុវត្តអនុស្សារណៈនេះ តាមរយៈការផ្លាស់ប្តូរជំនួបរវាងថ្នាក់ដឹកនាំស្ថាប័ន ការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍន៍សមត្ថភាពធនធានកម្ពុជា ក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ ជាដើម។

ក្នុងអាណត្តិទី៧ នេះ ដោយមានការសិក្សាយ៉ាងយកចិត្តទុកដាក់ថ្នាក់ដឹកនាំបច្ចេកទេសរវាងស្ថាប័នទាំងពីរ ព្រមទាំងការគាំទ្រ និងជំរុញពីសំណាក់ថ្នាក់ដឹកនាំ ស្ថាប័នទាំងពីរបានពង្រីកកិច្ចសហការមួយកម្រិតបន្ថែមទៀត ដោយការចុះអនុស្សារណៈ នៃការយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល និងបណ្ឌិតសភា ភាពជាអ្នកដឹកនាំចិនភូតុង ដែលមានគោលបំណង ក្នុងការកំណត់នូវវិស័យទម្រង់ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការអប់រំស្រាវជ្រាវ នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស។

...

ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះ បានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកលី កាន់ជៀ រដ្ឋមន្ត្រីក្រសួងចាត់តាំង នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីជំនួបសំណេះ សំណាល ពិភាក្សាការងារ បានបញ្ចប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print