ភ្នំពេញ ៖ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយការិយាល័យកសិកម្មឥណ្ឌូ-ប៉ាស៊ីហ្វិក និងកសិ-ចំណីអាហារនៃប្រទេសកាណាដាតំណាងដោយ លោកស្រី Diedrah Kelly នាយិកាប្រតិបត្តិ ក្នុងគោលបំណងពិភាក្សាអំពីទិដ្ឋភាពទូទៅនៃបរិយាកាសវិនិយោគនៅកម្ពុជា, និន្នាការនៃវិស័យកសិ-ចំណីអាហារ, និងកិច្ចសហប្រតិបត្តិការចំពោះមុខ។
មានមតិក្នុងជំនួបខាងលើ លោកអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកស្រីនាយិកាប្រតិបត្តិ និងក្រុមការងារដែលបានអញ្ជើញមកធ្វើទស្សនកិច្ចការងារមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីសិក្សាស្វែងយល់អំពីបរិយាកាស និងណែនាំខ្លួនទៅកាន់ក្រសួង ស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នានេះ លោកក៏បានជម្រាបជូនសមភាគីឱ្យបានជ្រាបច្បាស់អំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជាដែលរាជរដ្ឋាភិបាលបាន និងកំពុងខិតខំកែលម្អឱ្យកាន់តែមានភាពទាក់ទាញ និងអនុគ្រោះសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេសដោយគ្មានការរើសអើង។ ពាក់ព័ន្ធនឹងការងារស្តីពីកសិ-ចំណីអាហារ ឯកឧត្តមបានជម្រាបជូនភាគីមិត្តអំពីកសិផលយុទ្ធសាស្ត្ររបស់កម្ពុជា ក៏ដូចជាវត្តមាននៃតុវិនិយោគកសិ-ចំណីអាហារ (AFID) ដែលជាតុពិគ្រោះយោបល់មានឯកទេសលើការជំរុញ និងទាក់ទាញការវិនិយោគលើវិស័យកសិ-ចំណីអាហារ។
ជាការឆ្លើយតប លោកស្រីនាយិកាប្រតិបត្តិបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារ គ.វ.ក. ដែលបានទទួលជួបពិភាក្សាការងារ និងបញ្ជ្រាបការឈ្វេងយល់អំពីទិដ្ឋភាពរួមនៃបរិស្ថានធុរកិច្ច និងនិន្នាការនៃវិស័យកសិ-ចំណីអាហារ។ ក្នុងស្មារតីនេះ លោកស្រីមានជំនឿចិត្តយ៉ាងមុតមាំថាការិយាល័យកសិកម្មឥណ្ឌូ-ប៉ាស៊ីហ្វិក និងកសិ-ចំណីអាហារនឹងអាចចូលរួមចំណែកសហការដាក់ចេញជាសកម្មភាពប្រតិបត្តិរួមជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងAFID នាពេលអនាគត សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែមានផ្លែផ្កាវិជ្ជមានបន្ថែមមួយកម្រិតទៀត ៕
ដោយ ៖ សិលា