កម្មករពីរនាក់បានស្លាប់ និងម្នាក់ទៀតរងរបួសនៅក្នុងការផ្ទុះសំបកកង់យន្តហោះនៅឯកន្លែងថែទាំរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta ក្បែរព្រលានយន្តហោះ Atlanta (សហរដ្ឋអាមេរិក)។
សារព័ត៌មាន AP បានរាយការណ៍ថាការផ្ទុះសំបកកង់យន្តហោះបានកើតឡើងនៅពេលដែលផ្នែកកង់ត្រូវបានដកចេញសម្រាប់ការថែទាំ។
ក្រុមហ៊ុនអាកាសចរ៍ Delta បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុនអាកាសចរណ៍ Delta មានការសោកស្ដាយយ៉ាងខ្លាំងដែលសមាជិកអាកាសយានិកពីរនាក់បានស្លាប់ និងកម្មករម្នាក់ទៀតបានរងរបួសនៅក្នុងឧប្បត្តិហេតុមួយនៅព្រឹកនេះនៅឯកន្លែងថែទាំបច្ចេកទេសប្រតិបត្តិការនៅ Atlanta” ។ អភិបាលក្រុងអាត្លង់តា លោក Andre Dickens ក៏បានផ្ញើសាររំលែកទុក្ខដល់សាច់ញាតិជនរងគ្រោះផងដែរ។
តាមសេចក្តីរាយការណ៍ អង្គភាពពន្លត់អគ្គិភ័យ និងប៉ូលិសនៅអាត្លង់តាជាច្រើនបានឆ្លើយតបទៅនឹងកន្លែងថែទាំនៅជិតអាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta ភ្លាមៗបន្ទាប់ពីទទួលបានការរាយការណ៍។ ក្រុមហ៊ុនអាកាសចរណ៍ Delta កំពុងធ្វើការជាមួយអាជ្ញាធរ ហើយមូលហេតុនៃការផ្ទុះនេះ មិនត្រូវបានប្រកាសឱ្យដឹងនោះទេ។
រដ្ឋបាលសុវត្ថិភាពការងារ និងសុខភាពសហព័ន្ធបាននិយាយថា ការស៊ើបអង្កេតកំពុងបន្ត។ ការហោះហើរ និងប្រតិបត្តិការថែទាំរបស់ក្រុមហ៊ុនអាកាសចរណ៍មិនប៉ះពាល់ទេ៕ ដោយធីរីណា
រូបថត: USA Today