ខេត្តបាត់ដំបង៖ ក្រសួងបរិស្ថាន បានចាត់មន្ត្រីបច្ចេកទេសនិងអ្នកជំនាញ ចុះចាប់ផ្ដើមបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញឬបង្ហូរសំណល់រាវរបស់រោងចក្រក្នុងក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial) ដែល
មានទីតាំងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល របស់ ខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ។
ការបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ បានភ្ជាប់ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យនៃការបញ្ចេញសំណល់រាវ នៅក្នុងរោងចក្រផលិតសំបកថ្នាំពេទ្យខាងលើនេះ គឺជាវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងលុបបំបាត់ការសង្ស័យលើការលេចធ្លាយឬការលួចបង្ហូរទឹកកខ្វក់ដែលមានសារធាតុពុលចូលទៅក្នុងស្ទឹងសង្កែដែលជាប្រភពទឹកដ៏សំខាន់មួយ ភ្ជាប់ជាមួយបឹងទន្លេសាប។
ឧបករណ៍ស្វ័យត្រួតពិនិត្យ គឺជាមធ្យោបាយដ៏មានសារៈសំខាន់ ក្នុងការជួយបង្កលក្ខណៈងាយស្រួលដល់ក្រសួងបរិស្ថាន នូវក្នុងការតាមដាននិងការត្រួតពិនិត្យទប់ស្កាត់និងចាត់វិធានការបានទាន់ពេលវេលានូវពេលមានករណីលេចជ្រាបឬការលួចបង្ហូរ
ទឹកកខ្វក់ឬក៏សារធាតុរាវពុល ចេញពីរោងចក្រណាមួយៗ ដែលបានបំពាក់នូវឧបករណ៍នេះរួច ដោយមិនចាំបាច់មានមន្រ្តីជំនាញចុះមកត្រួតពិនិត្យដោយផ្ទាល់នោះទេ គឺ រាល់ទិន្នន័យទាំងអស់ នឹងត្រូវបញ្ជូនដោយស្វ័យប្រវត្តិទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រសួង។ហើយទិន្នន័យទាំងនោះទោះ ក្នុងករណីអសកម្មពីបច្ចេកទេសណាមួយ ក៏ឧបករណ៍នេះបញ្ជូននិងផ្តល់សញ្ញាទៅក្រសួងភ្លាមៗ។
ក្រោយពេលដែលនៅតាមបណ្តារោងចក្រនានា ត្រូវបានកំណត់និងបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ រួចរាល់ហើយ នោះ នៅគ្រប់រោងចក្រទាំងអស់នោះ មិនអាចលួចបង្ហូរសារធាតុពុលឬទឹកកខ្វក់ចូលទៅក្នុងស្ទឹងទន្លេបានទៀតនោះទេ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានជំរុញឱ្យគ្រប់រោងចក្រសហគ្រាស ដែលកំពុងធ្វើអាជីវកម្ម ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យដើម្បីបញ្ចៀសការពីការលេចជ្រាប ឬការលួចបង្ហូរសំណល់រាវដែលមានសារធាតុពុល ចូលទៅក្នុងប្រភពទឹកធម្មជាតិ៕ដោយ៖តារា