ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ នៅរសៀលម៉ោង១៦:២០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខស្តាតអូឡាំពិក ផ្លូវ២១៧ សង្កាត់វាល់វង ខណ្ឌ៧មករា មានករណីហិង្សាទៅវិញទៅមករវាងក្រុមម៉ូតូកង់បី ( ផាសអាប់ ) និងជនជាតិស្បែកខ្មៅ (ជនជាតិនីហ្សេរីយ៉ា) ដោយជនជាតិស្បែកខ្មៅបានចោទប្រកាន់អ្នករត់ម៉ូតូកង់បី ( ផាសអាប់ ) ដែលខ្លួនបានជិះថាបានលួចទូរស័ព្ទរបស់ខ្លួន។
បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចបានកោះហៅភាគីទាំងសងខាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវាល់វង់ ដើម្បីធ្វើការសួរនាំ ដោយខាងភាគីជនជាតិស្បែកខ្មៅបានចោទប្រកាន់អ្នករត់ម៉ូតូកង់បី ( ផាសអាប់ ) ដែលខ្លួនបានជិះថាលួចទូរស័ព្ទរបស់ខ្លួន ហើយភាគីអ្នករត់ម៉ូតូកង់បី ថាខ្លួនមិនបានលួចយកទូរស័ព្ទទេ ទើបមានការប្រកែកគ្នាបង្កជាអំពើហិង្សាទៅវិញទៅមក ប៉ុន្តែហិង្សានោះមិនមានរបួសស្នាមទេ។
បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចបានចុះត្រួតពិនិត្យកាម៉េរាសុវត្ថិភាពគឺទូរស័ព្ទនោះបាត់ មុនពេលជនជាតិស្បែកខ្មៅជិះម៉ូតូកង់បី (ផាសអាប់ ) មកស្តាតអូឡាំពិក គឺមិនមានករណីលួចយកទូរស័ព្ទដូចដែលជនជាតិស្បែកខ្មៅបានចោទប្រកាន់នោះទេ។ ដោយយោងតាមការសម្របសម្រួលរវាងភាគីទាំងពីរ សុំបញ្ចប់រឿងមិនប្តឹងគ្នា ដោយសារជារឿងយល់ច្រឡំ សមត្ថកិច្ចក៏បានឲ្យខាងភាគីជនជាតិស្បែកខ្មៅ សុំទោសទៅអ្នករត់ម៉ូតូកង់បី (ផាសអាប់ ) ហើយសមត្ថកិច្ចបានអនុញ្ញាតឲ្យភាគីទាំងពីរទៅវិញ៕ដោយ៖តារា