ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី ពិសេសការដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ប្រព័ន្ធអេឡិចត្រូនិក Cambodia e-Arrival បង្កភាពងាយដល់អ្នកដំណើរគ្រប់ជាតិសាសន៍ និងនៅគ្រប់ទីកន្លែង អាចចូលទៅបំពេញព័ត៌មានជាមុន នៅក្នុងប្រអប់សលាកបត្រអន្តោប្រវេសន៍ (រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់) ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពនៅក្នុងប្រព័ន្ធ Cambodia e-Arrival។ ក្នុងនោះ លោកអ្នក មិនចាំបាច់ចំណាយពេលវេលាបំពេញឯកសារដោយដៃ នៅពេលមកដល់ច្រកទ្វារអន្តរជាតិកម្ពុជា (ផ្លូវអាកាស) ទៀតឡើយ៕
ដោយ ៖ សិលា
...