សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១៣

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល បានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ដោយរួមមានវត្តមានចូលរួមពីសំណាក់លោកប្រធាន អនុប្រធាន បណ្តាស្ថាប័នជ៉ំវិញគណៈកម្មាធិការកណ្តាល នៅវិមាន ៧ មករា តំណាងឲ្យភាពរឹងមាំ និងយូរអង្វែង។

ក្នុងឱកាសនោះ សម្តេចភក្តី សាយ ឈ៉ំ បាននាំមកនូវជាមួយពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរដ៏ល្អបវរមហាប្រសើរពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជាប្រធានព្រឹទ្ធសភា ពីសំណាក់សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយសគណបក្ស ពីសំណាក់សម្ដេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំទាំងអស់របស់គណបក្ស ជូនដល់អង្គពិធីទាំងមូល ។

សម្តេចភក្តី សាយ ឈ៉ំ បានកត់សម្គាល់ថា វគ្គអប់រំនយោបាយដែលកំពុងចាប់ផ្ដើមប្រព្រឹត្តទៅនេះ គឺស្ថិតក្នុងបរិយាកាសសប្បាយរីករាយ សាមគ្គីជិតស្និទ្ធ និងសុទិដ្ឋិនិយមខ្ពស់ ស្របពេលដែលគណបក្សប្រជាជនកម្ពុជាយើង បាន និងកំពុងកាន់អំណាចតាមរយៈជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ ។ នេះជាកត្តាអំណោយផលបំផុត ដែលអនុញ្ញាតឲ្យគណបក្សយើងផ្ទេរការដឹកនាំរាជរដ្ឋាភិបាលឲ្យអ្នកបន្តវេនវ័យក្មេង ដែលបានបណ្ដុះបណ្ដាលយ៉ាងម៉ត់ចត់ និងយ៉ាងត្រឹមត្រូវ ។ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងចាត់តាំងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១យ៉ាងសកម្ម រស់រវើកប្រកបដោយផ្លែផ្កាជាវិជ្ជមានលើគ្រប់វិស័យឆ្លើយតបយ៉ាងស័ក្តិសមទៅនឹងទំនុកទុកចិត្តរបស់គណបក្សប្រជាជន និងប្រទេសជាតិ ។

សម្តេចភក្តី សាយ ឈ៉ំ អនុប្រធានគណបក្ស បានគូសបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលមន្ត្រីដឹកនាំរបស់គណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ជាពិសេសមន្រ្តីបន្តវេន គឺជាគោលការណ៍ចម្បងរបស់គណបក្សដែលតែងតែបានចាត់តាំងអនុវត្តនៅក្នុងគ្រប់ដំណាក់កាលនៃការតស៊ូរបស់គណបក្ស ។ វគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៣ នាពេលនេះ សំដៅលើកកម្ពស់ការយល់ដឹងបន្ថែមទៀតជូនសិក្ខាកាមគ្រប់រូប អំពីទ្រឹស្ដីគោលការណ៍ គោលនយោបាយ បទពិសោធន៍ និងការប្រតិបត្ដិជាក់ស្ដែងស្របតាមសំណូមពរការងាររបស់គណបក្ស និងសភាពការណ៍របស់ប្រទេសជាតិ ។ ទន្ទឹមនឹងនេះ វគ្គអប់រំនយោបាយនេះ ក៏ជាឱកាសដ៏មានតម្លៃរបស់មន្ត្រីយើងដែលមកពីគណបក្សនៃបណ្ដាក្រសួង ស្ថាប័ន រាជធានី ខេត្តផ្សេងៗគ្នា បណ្តាអង្គការមហាជនរបស់គណបក្ស និងបណ្ដាស្ថាប័នគណបក្សជុំវិញថ្នាក់កណ្តាល បានស្គាល់គ្នា បានផ្លាស់ប្តូរការយល់ដឹង និងបទពិសោធន៍ការងារជាមួយគ្នាផងដែរ ។ តាមរយៈនេះ ក៏នឹងធ្វើឲ្យចំណងមិត្តភាព សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print