ក្នុងរយៈពេល ៨ខែ! ការលក់សំបុត្រចូលទស្សនាអង្គររបស់កម្ពុជា​ រកចំណូលបានជាង ៣០លានដុល្លារ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ យោង​តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ​ ​បានបង្ហាញ​ថា​៖ នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤នេះ មាន​ភ្ញៀវទេសចរ​បរទេស​ជាង ៦៥ ម៉ឺន បានទិញសំបុត្រ​ចូលទស្សនារមណី​យដ្ឋាន​អង្គរ គិតជាទឹក​ប្រាក់​​​ប្រមាណជាង ៣០ លានដុល្លារ កើនឡើង ៣១,៣៦% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ គិតចាប់ពីខែមករា-សីហា ​មានភ្ញៀវទេសចរបរទេសចំនួន ៦៥១ ៥៥៧ នាក់ បាន​ទិញ​សំ​​បុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើនឡើង ៣០,៧៦% ខណៈប្រាក់ចំណូល​ទទួល​បានពីការលក់សំបុត្រចំនួន ៣០ ៣៣៣ ២២៩ ដុល្លារ កើនឡើង៣១,៣៦% ប្រៀបធៀបរយៈ​ពេលដូចគ្នានៅឆ្នាំ ២០២៣។

ដោយឡែក​បេីតាមការ​បញ្ជាក់ពី​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) លោក ធួន ស៊ីណាន ​បានមានប្រសាសន៍ថា ភ្ញៀវទេសចរនៅកម្ពុជា​មិនទាន់មានសញ្ញាវិជ្ជមាននៅឡើយទេ បន្ទាប់ពីឆ្លង​កាត់វិបត្តិកូវីដ១៩ នៅខេត្តសៀមរាបទេសចរនៅមានកម្រិត ខណៈ​តួលេខ​​ដែល​កើន​ឡើង​ភាគ​ច្រើន​ គឺការឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងប្រទេសថៃ និងប្រទេសវៀតណាម ដែលទេសចរ​ចូលមករយៈពេលខ្លីហើយចេញទៅវិញ។

ជាមួយគ្នានោះ​ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ​សរុបចំនួនជាង ៣,១៦ លាន​​​នាក់ (៣ ១៦៦ ៤៩៧) មានការកើនឡើង ២២,៧% ធៀបនឹង​រយៈពេល​ដូច​គ្នានៅឆ្នាំ​២០២៣។​ នេះបេី​យោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍។

...

ក្នុងចំណោមទេសចរជាង ៣,១៦ លាននាក់ទេសចរថៃឈរនៅ​លំដាប់​លេខរៀងទី ១ មានចំនួន ៩៥៥ ២៥០ នាក់ កើន ៩,៧% វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើន ៣៨% ចិន ៣៨៩ ៣៦០ នាក់ កើន ៤៥,២% ឡាវ ១៨៨ ៧២៦ កើន​៣៤,៤% អាមេរិក ១១២ ០៤៣ កើន ១៥,៧% កូរ៉េ ១០១ ៤៣៥ កើន ១៦,៧%៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print