ភ្នំពេញ៖ បើតាមរបាយការណ៍ អាជ្ញាធរអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា រយៈពេល ៧ខែ ឆ្នាំ២០២៤នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជា សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ មានអ្នកដំណើរឆ្លងកាត់ជាង ៣ លាននាក់ ពោលគឺកើនឡើង២០ភាគរយ បើប្រៀបធៀប រយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ខាងលើនេះបានឲ្យដឹងថា បើប្រៀបធៀបរយៈពេល ៧ខែ (មករា-កក្កដា) ឆ្នាំ២០២៤ ទៅនឹងរយៈពេល ៧ខែ (មករា-កក្កដា) ឆ្នាំ២០២៣ ឃើញថា កំណើនជាមធ្យម សម្រាប់ចំនួនជើងហោះហើរកើន ឡើងប្រមាណ ១៣%, សម្រាប់ចំនួនអ្នកដំណើរ កើន ឡើងប្រមាណ ២០% និងសម្រាប់ចំនួនទំនិញតាមផ្លូវ អាកាស កើនឡើងប្រមាណ ៤៤% ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានអ្នកដំណើរចេញ-ចូល មានចំនួន ២,២៨លាននាក់ កើនឡើងប្រមាណ ១៨,០៣%ខណៈចំនួនជើងហោះហើរមានចំនួន ១៩៨៨៧កើនឡើងប្រមាណ ១២,៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។
ចំណែកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួនអ្នកដំណើរចេញ-ចូល បានប្រមាណជិត ៧២ម៉ឺននាក់ កើនឡើងប្រមាណ ៣៧% ចំណែកចំនួនជើង ហោះហើរមានចំនួន ៧៧៩០ជើង កើនឡើងប្រមាណ ២៧%។ រីឯអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានចំនួនអ្នកដំណើរមានចំនួន ៣៥៤៦៣នាក់ កើនមឡើងប្រមាណ ១២,៨៣% ចំណែកចំនួនជើងហោះហើរមានចំនួន ១០៤៨ជើង កើនឡើងប្រមាណ ៣,៧៦%៕