ខេត្តបាត់ដំបង ៖ ក្រុមក្មេងទំនើងមានបក្សពួកចន្លោះពី១០ ទៅ២០នាក់ ដែលគេតែងតែឃើញប្រមូលផ្ដុំគ្នានៅ «សាលាឆទាន»ក្បែរផ្លូវចូលវត្តចែងក្ដារ ស្ថិតក្នុងភូមិសាស្ត្រ ឃុំភ្នំសំពៅ ស្រុកបាណន់ បានស្ទាក់គប់កញ្ចក់រថយន្តអ្នកដណើរពេលយប់ជាញឹកញាប់ ដែលកើត ឡើងច្រើនខែកន្លងមកហើយ ។ ប៉ុន្តែអាជ្ញាធរមាន សមត្ថកិច្ចហាក់ធ្វើមិនដឹងមិនឮ នឹងសកម្មភាពក្រុមក្មេងអន្ធពាលទាំងនេះឡើយ។
ករណីនេះបានក្លាយទៅជាទម្លាប់ នាំឱ្យមានការប្រុង ប្រយ័ត្នដោយខ្លួនឯងរហូតជនរងគ្រោះ (ម្ចាស់រថយន្ត) លែងប្ដឹង ឬរាយការណ៍ប្រាប់សមត្ថកិច្ចទៀតឡើយ ដោយសារប្ដឹង ឬ រាយការណ៍ហើយសមត្ថកិច្ចនៅតែមិនកំរើកដេកលក់ស្ងាត់ឈឹងដដែល ។ ជាក់ស្ដែង នៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៣កញ្ញា នេះករណីដដែលនេះបានកើត ឡើងជាថ្មី ដែលគេសង្ស័យថា បង្កឡើងដោយក្រុមក្ក្មេងទំនើងដដែលនៅចំណុចទីតាំងដដែល (ម្ដុំសាលាឆទាន) ។ ក្រុមនេះបានយកដុំថ្មគប់ទៅលើរថយន្តអ្នកដំណើរ ដែលធ្វើដំណើរលើដងផ្លូវជាតិលេខ៥៧ ឆ្លងកាត់ខាងមុខផ្លូវចូលវត្តចែងក្ដារ ដែលមានសាលាឆទាន ជាជម្រកក្រុមក្មេងពាលនៅក្បែរនោះដែរ ។
គេមិនទាន់ដឹងថា តើសមត្ថកិច្ចក្នុងស្រុកបាណន់បាន ដឹងរឿងនេះដែរ ឬយ៉ាងណានោះទេ ចំពោះករណីក្រុមក្មេងទំនើងគប់កញ្ចក់រថយន្តអ្នកដំណើរចុងក្រោយខាងលើនេះ ? ប៉ុន្តែត្រូវបានមជ្ឍដ្ឋាននានាបានដឹង និងបានឃើញអាខោនហ្វែសប៊ុកមួយឈ្មោះ Theng Dara បង្ហោះតាមបណ្ដាញសង្គម ដោយបានបង្ហាញពីរថយន្តមួយគ្រឿង ត្រូវជនអន្ធពាលគប់កំបំបែកកញ្ចក់ខាងមុខ អមដោយសំណេរបញ្ជាក់ប្រាប់ពីកាលបរិច្ឆេទ និងទី តាំងកើតហេតុយ៉ាងច្បាស់លាស់ទៀតផង។ ក្នុងសំណេរ ជាមួយនឹងការបង្ហាញរូបថតរថយន្ត២សន្លឹក មានស្នាម ប្រេះបែកកញ្ចក់ខាងមុខផង ម្ចាស់អាខោន Theng Dara មិនបានសរសេររិះគន់ពីវិធានការ ឬភាពអសកម្មរបស់សមត្ថកិច្ចក្នុងកិច្ចការចុះបង្ក្រាប ឬទប់ស្កាត់សកម្មភាពក្រុមជនអន្ធពាលនេះ ឬកិច្ចការ ការពារសុវត្ថិភាព នៅក្នុងមូលដ្ឋានទេ។
ប៉ុន្តែគាត់បានសរសេរបញ្ជក់ប្រាប់ពីហេតុការណ៍ដែលបានកើតឡើងលើរថយន្តនាវេលាទៀបភ្លឺនោះ ត្រង់ចំណុច និង ពេលវេលាកើតហេតុជាក់លាក់ ហើយថែមទាំងបានអំពាវនាវដល់អ្នកដំណើនានា ឲ្យមានការប្រុងប្រយ័ត្នពេលធ្វើដំណើឆ្លងកាត់តំបន់គ្រោះថ្នាក់នោះនៅពេលយប់ទៀតផង ។
អាខោនឈ្មោះ Theng Dara បានសរសេរថា «សូមប្រុងប្រយ័ត្ន បងប្អូនដែលធ្វើដំណើរនៅលើផ្លូវជាតិលេខ៥៧ ត្រង់ចំណុចផ្លូវចូល«ភ្នំតូច» ស្ថិតក្នុងភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ (ចំណុចផ្លូវចូលភ្នំតូច នៅខាងលិចសាលាឆទានខ្លោងទ្វារវត្តចែងក្ដារប្រហែល៥០០ម៉ែត្រ) នៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៣ ខែ៩ នេះ មានករណីក្មេងស្ទាវមួយក្រុម ប្រដាប់ដោយកាំបិតនិងដុំថ្ម បានគប់មកលើរថយន្ត ត្រូវចំកញ្ចក់ផ្នែកខាងមុខ តែសំណាងល្អ ដោយអ្នកបើកបរមិនត្រូវអ្វីទេ» ។ គាត់មិនបានប្រាប់ពីប្រភេទរថយន្ត ហើយម្ចាស់រយន្តពិតប្រាកដជានរណា ឬនៅភូមិ ឃុំណាទេ ។
ពាកព័ន្ធ នឹងសកម្មភាពក្រុមក្មេងទំនើងគប់រថយន្តកម្ទេចកញ្ចក់រថយន្តខាងលើនេះ។ បើតាមប្រភពអ្នកភូមិនៅក្បែរ «សាលាឆទាន» បានថ្លែងថា បើយោងលើពេល វេលានៃសកម្មភាព ដែលក្រុមក្មេងពាលគប់រថយន្តខាង លើនេះ គឺកើតឡើងក្រោយពេលក្រុមជនអន្ធពាលនេះ ឈ្លោះប្រកែកគ្នាមួយប្រាវនៅលើសាលាឆទាន នៅវេលាម៉ោងប្រហែលជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ កញ្ញា ។
ប្រភពដដែលប្រាប់ថា នៅវេលាម៉ោងជាង១រំលងអធ្រាត្រគេបានឮសំឡេងក្រុមក្មេងពាលមួយហ្វូងធំ ប្រមូលផ្ដុំគ្នានៅលើ«សាលាឆទាន»ក្បែរខ្លោងទ្វារចូលវត្តចែងក្ដារនោះ ។ គ្រានោះ គេបានឮសំឡេងឈ្លោះប្រកែកគ្នា លុះបន្តិចក្រោយក៏ស្ងាត់អស់ទៅ ។ ដូច្នេះ គេអាចសន្និដ្ឋានបានថា ក្រោយពួកគេបែកហ្វូងគ្នាពី«សាលាឆទាន» ពួកគេចេញទៅជួបជុំគ្នានៅម្ដុំផ្លូវចូលភ្នំតូច ដែលមានចម្ងាយពីសាលាឆទានប្រហែល៥០០ម៉ែត្រ រួចក៏ធ្វើសកម្មភាពគប់រថយន្តអ្នកដំណើរខាងលើនេះតែម្ដង ។
ព្រោះនេះមិនមែនជាលើកទី១ទេ ដែលក្រុមក្មេងទំនើងមុខសញ្ញាដដែលៗនេះ បានធ្វើសកម្មភាពគប់រថយន្តអ្នកដំណើរពេលយប់ គឺច្រើនលើកហើយ ។ ប៉ុន្តែគេមិនដែលឃើញមានកម្លាំងសមត្ថកិច្ចចុះពិនិត្យឬមានវិធានការទៅលើក្រុមជនពាលនេះម្ដងណាទេបើទោះជាគេធ្លាប់បានរាយការណ៏ជាបន្តបន្ទាប់ក្ដី ។
ជុំវិញករណីនេះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោក លឹម ពុទ្ធីឡា បានបំភ្លឺបញ្ជាក់យ៉ាងខ្លីថា លោកមិនបាន ដឹងរឿងទាំងនេះទេ ព្រោះលោកថ្នាក់ក្រោមមិនដែលរាយការណ៍ ។ លោកស្នងការរងបានបន្ថែមថា កន្លងទៅ ពេលមានបទល្មើសកើតឡើងម្ដងៗនៅតាមមូលដ្ឋានគេមិនដែលរាយការណ៍ទេ ។ គេព្យាយាមលាក់បាំងអំពីបទ ល្មើស ដូច្នេះ ហើយទើបលោកមិនសូវដឹង ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតនហេតុខាងខាងលេះនិយាយថា ទីតាំង«សាលាឆទាន» ក្បែរខ្លោងទ្វារវត្តដែងក្ដារខាងលើនេះ ជាជម្រកក្រុមក្មេងទំនើងណាត់ប្រមូលផ្ដុំគ្នា ។ ពេលជួបជុំម្ដងៗ ពួកគេមានគ្នាចន្លោះពី១០ទៅ២០នាក់ ជិះម៉ូតូកាន់កាំបិតឬដាវក្នងដៃយ៉ាងប្រសេកប្រសាច ។ មិនតែប៉ុណ្ណោះ បើតាមប្រភពដដែលបានប្រាប់ថា ជារឿយៗពួកគេជួបជុំគ្នាប្រើប្រាស់ និងជូញដូរគ្រឿងញៀនយ៉ាងអនាធិបតេយ្យ ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចឡើយ ព្រោះសមត្ថកិច្ចមិនដែលរំខានពួកគេម្ដងណាឡើយ ។ ក្រោយប្រព្រឹត្តគ្រឿងញៀន ពួកគេចេញធ្វើសកម្មភាពល្មើស ច្បាប់នានាដូចជាស្ទាក់គប់កញ្ចក់រថយន្តអ្នកដំណើរពេលយប់ប្រព្រឹត្តអំពើចោរកម្មផ្សេងៗ ហើយពេលខ្លះក៏ជិះម៉ូតូដេញកាប់គ្នាពេលថ្នល់តែម្ដង ។
កាលពីដើមខែកក្កដាកន្លងទៅនេះ ក៏មានការស្ទាក់គប់រថយន្តនៅម្ដុំ «សាលាឆទាន» ខាងលើនេះដែរ ដែលគេអះអាងថា បង្កឡើងដោយក្រុមក្មេងអន្ធពាលជក់គ្រឿងមួយក្រុមនេះដែរ ។ រថយន្តដែលធ្លាប់ត្រូវក្រុមជនអន្ធពាលខាងគប់កម្ទេចកញ្ចក់លេងជាល្បែងរបស់ពួកគេនោះ ភាគច្រើនជារថយន្តដឹកត្រី និងដឹកបន្លែ ឆ្លងកាត់តំបន់គ្រោះថ្នាក់នោះ នៅពេលរំលងអធ្រាត្រ ។
ម្ចាស់រថយន្តខ្លះក៏បានប្ដឹងឬរាយការណ៍ទៅសមត្ថកិច្ច តែម្ចាស់រថយន្តខ្លះទៀត មិនហ៊ានំខានដល់សមត្ថកិច្ចទេ ព្រោះគិតតែរឿងរបររកស៊ីចិញ្ចឹមក្រពះ ម្លោះហើយធ្វើឲ្យក្រុមក្មេងអន្ធពាលមួយហ្វូងធំប្រចាំ«សាលាឆទាន» ខាងលើកាន់តែបានដៃ ប្រព្រឹត្តបទល្មើសគ្រប់សកម្មភាព ទៅលើអ្នកដំណើរពេលយប់ ខណៈដែលសមត្ថកិច្ចស្ពឹកស្រពន់ គ្មានសមត្ថភាពចេញត្រូតពិនិត្យ ឬបង្ក្រាបបទ ល្មើសទាំងនេះផង ទើបធ្វើឲ្យបទល្មើលនានា ចេះតែកើនឡើងទ្វេដង នៅក្នុងភូមិសាស្ត្រ ស្រុកបាណន់ទាំងមូល ។
ដូច្នេះ លោកស្នងការដែលទើបចូលកាន់មុខតំណែងបានជាង១ខែ កន្លងទៅនេះ គួរតែមានវិធានការក្ដៅ និងម៉ឺងម៉ាត់ចំពោះមន្ត្រីអសកម្ម ទាំងនៅក្នុងការិយាល័យជំនាញ ទាំងនៅតាមបណ្ដាអធិការរដ្ឋាននគរបាលស្រុកនានា ដើម្បីពង្រឹងសមត្ថភាព បង្ក្រាប និងទប់ស្កាត់បទ ល្មើស ដែលកំពុងកើតមានកាន់តែច្រើនឡើងៗដោះ ស្រាយមិនចេញ ៕