អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន ដែលកំពុងរងការខូចខាតរចនាសម្ពន្ធមួយចំនួនឱ្យបានរឹងមាំឡើងវិញ។

ប្រាសាទអូរផ្អុង ដែលកសាងឡើងពីឥដ្ឋ បច្ចុប្បន្ន មានស្នាមប្រេះហែកកាន់តែធំធ្វើឱ្យដុំឥដ្ឋជាច្រើនប្រឈមនឹងការជ្រុះធ្លាក់ ហើយជញ្ជាំងឥដ្ឋផ្នែកខ្លះក៏កំពុងជ្រុះធ្លាក់ដែលឈានទៅរកបាត់ទម្រង់ដើមនៃប្រាសាទ។

មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុល លោក ពុទ្ធ សុទ្ធ ឱ្យដឹងថា ក្រុមការងារកំពុងរៀបចំជួសជុលប្រាសាទអូរផ្អុងនេះ ជាច្រើនផ្នែក ដូចជា ពង្រឹងខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងឥដ្ឋលើស៊ុមទ្វារ ជើងជញ្ជាំងដែលពុកផុយទាំងបួនជ្រុង ដំបូលរបស់រួតទី៣ ជួសជុលស្នាមប្រេះ លុបថ្នក់ទឹក ព្រមទាំងទល់ទ្រប្រាង្គ និងសម្អាតដោយដកកូនរុក្ខជាតិដែលដុះលើជញ្ជាំងប្រាសាទផង។

លោកពុទ្ធ សុទ្ធ បន្តទៀតថា ប្រាសាទនេះ រងការខូចខាតខ្លាំងដោយកត្តាទឹកភ្លៀង និងរុក្ខជាតិ ដែលដុះចាក់ឬសធ្វើឱ្យគ្រឹះស្រុត បណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង។ បញ្ហាសំណើមក៏ធ្វើឱ្យខឿនរបស់ប្រាសាទពុកផុយ។

កាលពីឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ធ្លាប់បានធ្វើការជួសជុលប្រាសាទអូរផ្អុងម្ដងមកហើយ ដោយការជួសជុលកាលណោះ គឺពង្រឹងផ្នែកខាងក្រៅនៃជញ្ជាំងទាំង៤ជ្រុង និងជួសជុលរួតទី១និងទី២។

...

ប្រាសាទអូរផ្អុង គឺជាក្រុមប្រាសាទមួយ ក្នុងចំណោមប្រាសាទផ្សេងទៀតនៅលើភ្នំគូលែន ដូចជា ប្រាសាទដំរីក្រាប ប្រាសាទ រោងចិនអ្នកតា និងប្រាសាទខ្ទីងស្លាប់។ល។ ប្រាសាទនេះ បានកសាងឡើង នៅលើទីខ្ពស់ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ អំឡុងសតវត្សរ៍ទី៨នៃគ្រីស្ដសករាជ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print