ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានចោទប្រកាន់ក្រុមប្រទេសលោកខាងលិច អឺរ៉ុប និងសហរដ្ឋអាមេរិកថា បានគាំទ្រពួកភេរវនិយម និងបានផ្សំគំនិតជាមួយពួកអ្នកចង់ទម្លាក់លោកតាមរយៈរដ្ឋប្រហារថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ មិនបានសម្រេច។
សកម្មភាពខាងលើគឺជាការវាយប្រហារខ្លាំងបំផុតមិនធ្លាប់មានទេ! លោកប្រធានាធិបតីបានអះអាងថា ទួរគីមិនដែលបានទទួលការគាំទ្រណាមួយទាំងក្នុងអំឡុងពេលនិងក្រោយរដ្ឋប្រហារ តែផ្ទុយទៅវិញ និងដែលអាក្រក់បំផុតនោះគឺអ្នកដែលយើងធ្លាប់គិតថា ជាមិត្តបែរជាគាំទ្រពួកភេរវនិយម និងពួកអ្នកធ្វើរដ្ឋប្រហារ។
សម្រាប់លោក អ៊ែរដូហ្កាន រដ្ឋប្រហារមិនសម្រេចទំនងជាបានតាក់តែងផែនការបញ្ជាមកពីបរទេស។ ពោលគឺលោកចង់សំដៅដោយផ្ទាល់លើប្រមុខសាសនា Fethulah Gulen ដែលរស់នៅសហរដ្ឋអាមេរិក និងដែលក្រុងអង់ការ៉ា បានទាមទារធ្វើបច្ចាប័ន។ ម្យ៉ាងទៀតសេចក្តីអត្ថាធិប្បាយនេះបានមកពង្រឹងព័ត៌មានចុះផ្សាយក្នុងទំព័រក្នុងស្រុក ដែលព្រលយថា ភ្នាក់ងារស៊ើបការណ៍អាមេរិក សេអ៊ីអា ព្រមទាំងឧត្តមសេនីយ៍អាមេរិកមួយជាអ្នកផ្សំគំនិតរៀបចំរដ្ឋប្រហារមិនសម្រេច។
សកម្មភាពខាងលើធ្វើឡើងចំពេលអគ្គមេបញ្ជាការកងទ័ពអាមេរិកទើបបញ្ចប់ទស្សនកិច្ចនៅទួរគីជាមួយនឹងលទ្ធផលវិជ្ជមាន។ អាមេរិកនៅតែអាចបន្តប្រើប្រាស់មូលដ្ឋានទួរគីនៅភាគអាគ្នេយ៍ប្រទេស ដើម្បីធ្វើប្រតិបត្តិការផ្លូវអាកាសវាយប្រហារពួកអង្គការរដ្ឋអ៊ិស្លាម ដោយសន្យាពិចារណាលើសំណុំរឿងធ្វើបច្ចាប័ន Fethullah Gülen។
ការបំផុសពាក្យចោទទំនងជាដើម្បីដាក់គំនាបលើវ៉ាស៊ីនតោន និងបង្ខំឲ្យសហរដ្ឋអាមេរិកបញ្ជូនប្រមុខសាសនាជាខួរក្បាលរដ្ឋប្រហារមកឲ្យទួរគី ប្រសិនបើអាមេរិកជាអ្នកស្អាតស្អំ។ ប៉ុន្តែកំហឹងរបស់ទួរគីមិនអាចធ្វើឲ្យរុញច្រានអាមេរិកឲ្យប្តូរច្បាប់ឡើយ។ ក្រសួងការបរទេសអាមេរិកបានទទួលពាក្យសុំធ្វើបច្ចាប័ន ហើយក្រសួងយុត្តិធម៌ទទួលបន្ទុកត្រួតពិនិត្យឯកសារ ដែលបន្ទាប់មកត្រូវឆ្លងសំណាញ់នយោបាយទៀត៕
ប្រែសម្រួល៖ ម៉ែវ សាធី