លោក ម៉ៃ សុគន្ធ តារាល្បីខាងទើសគេ ខាងទាយបាល់ ឥលូវមកល្បីត្រង់សមត្ថកិច្ចចាប់វាយខ្នោះ ខណៈបើករថយន្តបំពានគោលដៅត្រួតពិនិត្យជាតិអាកុល

ចែករំលែក៖

ភ្នំពេញ ៖ លោក ម៉ៃ សុគន្ធ តារា ចំរៀងនិងសំដែង ខាងទើសគេមិនរើសមុខ នឹងបច្ចុប្បន្ន ដែលក្នុងបណ្តាញសង្គមហ្វេសប៊ុកឱ្យឈ្មោះថា គ្រូផ្លូវក្នុងខាងទាយល្បែងសុីសង បាល់ទាត់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនវាយខ្នោះ ខណៈបើកបរបំពានគោលដៅត្រួតពិនិត្យជាតិអាកុលរបស់សមត្ថកិច្ចចម្រុះ ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

លោកអធិការបន្តថា ៖ លោក ម៉ៃ សុគន្ធ បើកបរក្នុងស្ថានភាពស្រវឹងមានជាតិអាកុល ០.៦០មីល្លីក្រាមក្នុង១លីត្រខ្យល់ បន្ទាប់ពីចាប់ឃាត់ខ្លួន សមត្ថកិច្ចក៏បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាមៗ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ក្នុងនោះក៏បើករថយន្តគេចពីគោលដៅសមត្ថកិច្ចជ្រុលទៅបុកឡំប្រឺតានិងទ្រូងផ្លូវបណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់ស្រាលផងដែរ ។
សូមបញ្ជាក់ថា ៖ លោក ម៉ៃ សុគន្ធ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងបន្តបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាមៗ ក្រោយពីបើករថយន្តគេចចេញពីគោលដៅត្រួតពិនិត្យចរាចរណ៍របស់សមត្ថកិច្ច រហូតដល់សង្កាត់ទឹកថ្លា ហើយបុករះម៉ូតូកង់បីចំនួនពីរគ្រឿងនិងទ្រូងផ្លូវបាក់អស់ជាច្រើនកង់ កាលពីវេលាម៉ោង ១២នឹង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ៖ មុនពេលកើតហេតុសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍នៅតាមបណ្ដោយផ្លូវសម្ដេច ជាស៊ីម ស្រាប់តែមានបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BW-6802 ដែលគេដឹងថា លោក ម៉ៃ សុគន្ធ តារាខាងទើសគេគ្រប់រឿង ធ្វើដំណើរចូលមកក្នុងគោលដៅត្រួតពិនិត្យចរាចរណ៍ ដឹងខ្លួនស្រវឹងជោកជាំ មានជាតិអាកុល ស្រាប់តែលោក ម៉ៃ សុគន្ធ រូបនោះបានព្យាយាមបើករថយន្ដរត់គេច ទើបកម្លាំងសមត្ថកិច្ចយករថយន្តស៊ីរ៉ែនដេញតាមពីក្រោយ ហើយលោក ម៉ៃ សុគន្ធ ព្យាយាមបើករត់គេចរហូតដល់ផ្លូវសហព័ន្ធរុស្ស៊ី លុះធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បុកជាមួយឡំប្រឺតាមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1FS-6768 ដែលធ្វើដំណើរស្របទិសគ្នានៅខាងមុខ ហើយឡំប្រឺតានោះក៏បានខ្ទាតទៅប៉ះជាមួយឡំប្រឺតាមួយគ្រឿងទៀតដែលចតចោលនៅខាងស្ដាំដៃ បណ្ដាលអោយអ្នកបើកបរនិងអ្នករួមដំណើរក្នុងកង់បី សរុបចំនួនបីនាក់រងរបួសធ្ងន់ស្រាល ហើយរថយន្តបានរេចង្កូតទៅបុកជាមួយនឹងទ្រូងផ្លូវបណ្តាលឱ្យបាក់អស់ជាច្រើនកង់។

បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចដែលបានប្រដេញតាមពីក្រោយ បានវាយខ្នោះបុរសប្រមឹក ម៉ៃ សុគន្ធ នោះបញ្ជូនខ្លួនទៅស្នងការដ្ឋានទាំងយប់ ដើម្បីសាកសួរ។ ចំណែកឯរថយន្តនិងឡំប្រឺតាដែលរងគ្រោះសមត្ថកិច្ចបានអូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយ។
នេះហើយគ្រឿងស្រវឹងចូលខ្លួន បើកបរទាំងបំពាន គឺច្បាប់មិនលើកលែងទេ ព្រោះការបើកបរក្នុងស្ថានភាពស្រវឹងបង្កហានិភ័យខ្លាំងណាស់ បញ្ហាគ្រោះចរាចរណ៍លើដងផ្លូវ៕

ដោយ ៖ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print