ព្រឹទ្ធាចារ្យ យិត សារិន និង បុស្បា ប៉ាន់ ធ្វើពិធីសំពះគ្រូ និងក្រុងពាលីនៅវត្តស្វាយអណ្តែត

ចែករំលែក៖

ខេត្តកណ្តាល៖ ព្រឹទ្ធាចារ្យ យិត សារិន ដែលគេស្គាល់ថាជាសិល្បករជើងចាស់ល្បីល្បាញលើការសម្តែងល្ខោនខោល បានរួមគ្នាជាមួយក្រុមគ្រួសារកញ្ញា បុស្បា ប៉ាន់ បានរៀបចំពិធីក្រុងពាលី និងពិធីសំពះគ្រូមួយ ដើម្បីសុំសេចក្តីសុខ និងរំលឹកដល់គុណូបការៈរបស់គ្រូជាបុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវកេរិ៍្តមរតកសិល្បៈដ៏ថ្លៃថ្លាសម្រាប់មនុស្សជំនាន់ក្រោយ។

...

កម្មវិធីនេះត្រូវបានធ្វើឡើងនៅក្នុងបរិវេនវត្តស្វាយអណ្តែតស្ថិតក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ដែលជាទឹកដីដ៏ចំណាស់និងមានប្រវត្តិទាក់ទងនឹងការបង្កើតវង់ល្ខោនខោលដ៏ល្បីមួយនាចុងសតវត្សរ៍ទី១៨។ កម្មវិធីនេះស្ថិតក្រោមវត្តមានសាស្ត្រាចារ្យ សិល្បករសិល្បការិនី ប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួម ហើយក៏មានរៀបចំពិធីសូត្រមន្តសុំសិរីសួស្តីតាមជំនឿព្រះពុទ្ធសាសនាផងដែរ។

លោក ប៉ាន់ ម៉េងហ៊ាង ឪពុកកញ្ញា បុស្បា ប៉ាន់ បានបញ្ជាក់ថា កម្មវិធីនេះត្រូវបានរៀបចំឡើយដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តីពីម្ចាស់ទឹកម្ចាស់ដី ហើយក៏ស្របតាមការសន្យា គ្រាដែលក្រុមការងារនៃកម្មវិធីប្រគុំតន្រ្តីនៅសៀមរាបបានបញ្ចប់ដោយជោគជ័យនាពេលថ្មីៗនេះ។ លោកបញ្ជាក់ថា ដោយសារបុស្បា មានជំងឺតិចតួចទើបនាងខកខានក្នុងការចូលរួមក្នុងកម្មវិធីខាងលើ។ លោកបន្តថា ក្រុមការងារចង់ធ្វើមុនពេលការសម្តែងនៅខេត្តសៀមរាបម្ល៉េះ ប៉ុន្តែដោយសារតែមិនអាចឆ្លៀតពេលប្រារព្វបានទើបត្រូវលើកពេលមកតទៅទៀត។ លោកបញ្ជាក់ដែរថា ការរួមគ្នាប្រារព្វពិធីនេះរួមគ្នាជាមួយលោកព្រឹទ្ធាចារ្យយិត សារិន ព្រោះតែលោកព្រឹទ្ធាចារ្យ និងក្រុមគ្រួសារលោកធ្លាប់មានទំនាក់ទំនងគ្នាជាយូរមកហើយ ហើយលោកព្រឹទ្ធាចារ្យក៏ធ្លាប់ជួយបង្ហាត់បង្រៀនដល់កូនៗរបស់លោកកន្លងមកដែរ បូករួមទាំងការចូលរួមប្រគុំតន្ត្រីនៅខេត្តសៀមរាបកាលពីកន្លងទៅនោះដែរ។

លោកព្រឹទ្ធាចារ្យ យិតសារិន ហៅស្តេចស្វាសបានបញ្ជាក់ថា ទីនេះគឺជាទឹកដីកំណើតរបស់លោក ដែលគ្រាដែលលោកបានចូលរៀនផ្នែកល្ខោនខោលពីជីតា និងសាច់ញាតិគ្រាដែលលោកព្រឹទ្ធាចារ្យមានអាយុ៧ឆ្នាំមកម្ល៉េះ។ លោកបន្តថា ពិធីសែនក្រុងពាលី និងសំពះគ្រូនេះគឺជាទំនៀមទម្លាប់ប្រពៃណីខ្មែរតាំងពីបុរាណដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ពិសេសដើម្បីរំលឹកនឹកគុណដល់បុព្វបុរសឬគ្រូដើមដែលបានផ្ទេរការសិក្សាមកឲ្យសិស្សជំនាន់ក្រោយ។ លោកព្រឹទ្ធាចារ្យវ័យ៩១ឆ្នាំរូបនេះបញ្ជាក់ថា ទឹកដីតំបន់នេះគឺធ្លាប់មានប្រវត្តិល្បីល្បាញខ្លាំងលើផ្នែកល្ខោនខោល និងត្រូវបានអតីតព្រះមហាក្សត្រជំនាន់មុនៗសព្វព្រះទ័យយ៉ាងខ្លាំង។ លោកព្រឹទ្ធាចារ្យបញ្ជាក់ថា ការផ្តល់ចំណេះដឹងពីបុព្វបុរសគ្រូបាអាចារ្យជំនាន់មុន និងការស្រលាញ់ពេញចិត្តលើការសម្តែងល្ខោនខោលនេះបានធ្វើឲ្យលោកព្រឹទ្ធាចារ្យនៅតែបន្តឈ្មុសឈ្មុនក្នុងការចូលរួមថែរក្សាការពារ អភិរក្ស សិល្បៈនេះជាបន្តបន្ទាប់រហូតដល់លោកព្រឹទ្ធាចារ្យលាចាកលោក៕

IMG_5551 IMG_5494 IMG_5512 IMG_5553 IMG_5507 IMG_5487 IMG_5488IMG_5493 IMG_5528 IMG_5531 IMG_5522 IMG_5541

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print