ខេត្តកំពង់ឆ្នាំង ៖ មនុស្សប្រុសស្រីបីនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ២នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងដោយរថយន្តក្រុងដឹកអ្នកដំណើរ បុករះបន្តគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិ អូររំចេក ឃុំចក ស្រុក បរិបូណ៌ខេត្តកំពង់ឆ្នាំង វេលាម៉ោង៤និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ។
នគរបាលស្រុកបរិបូរណ៍បានប្រាប់ឱ្យដឹងថា ជនរងគ្រោះនៅក្នុងឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះ.១.ឈ្មោះអ៊ុយ យ៉ាងគួយ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង.២.ឈ្មោះ ឡាំសុផានភេទស្រីអាយុ២៧ឆ្នាំ និង ៣.កូនប្រុសឈ្មោះឆឹង គឹមឃាង អាយុ៣ឆ្នាំ រស់នៅភូមិឃុំដូចគ្នា ស្លាប់នៅនឹងកន្លែងកើតហេតុទាំងបីនាក់ ។ ចំណែក២នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ពុំទាន់បានស្គាល់អត្តសញ្ញាណ ។
សមត្ថកិច្ចនគរបាលបានប្រាប់ឱ្យដឹងថា រថយន្តក្រុង ដឹកអ្នកដំណើរ ពណ៌ស្ក បើកបរស្របទិសគ្នាពីលិចទៅកើតក្នុង ល្បឿនលឿន នៅពេលមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុករះរថយន្តម៉ាកតូយ៉ូតា(កូរ៉ូឡា)និងបន្តទៅបុរករថយន្តម៉ាកហ្វ័ត(រាប់ទើ) និងបានជ្រុលទៅបុកម៉ូតូម៉ាក(ហុងដាសេ១២៥មួយគ្រឿងពេញទំហឹង បណ្តាលឲ្យ ជនរងគ្រោះ៣នាក់ ទាំងម្តាយ កូនប្រុសនិង ប្អូនថ្លៃស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ ចំណែក២នាក់ផ្សេងទៀត បានរបួសធ្ងន់ និងស្រាល បញ្ជូនជនទៅសង្រ្គោះទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយឡែកអ្នកបើកបរ បានគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកបរិបូរណ៍ ដើម្បីអនុវត្តតាមនីតិវិធី ៕ ដោយ៖ ចន្ថា