ភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ គេឃើញវិស័យឯកជនបានបង្ហាញឆន្ទះមហាសាមគ្គី មហាស្នេហាជាតិ ដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍន៍សង្គមកម្ពុជា។
សកម្មភាពនេះបានបង្ហាញឡើងតាមរយៈ វិស័យឯកជនបានគាំទ្រចលនាការពារទឹកដី ហើយបានបរិច្ចាគថវិកាដល់មូលនិធិកសាងផ្លូវក្រវ៉ាត់ព្រំដែនតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលថ្មីៗនេះ។
ដោយសារការចូលរួមចំណែកដ៏ធំធេងពីវិស័យឯកជននេះ បានធ្វើអោយមានសកម្មភាពផុលផុសនៅក្នុងចលនាបរិច្ចាគថវិការបស់មូលនិធិនេះដែលរហូតមកដល់ថ្ងៃទី៥កញ្ញា មានវិស័យឯកជន និងមានប្រជាពលរដ្ឋជាង៤០ម៉ឺននាក់បានស័្មគ្រចិត្តចូលរួមថវិកាក្នុងមូលនិធិនេះ ជាមួយថវិកាជាង១៩លានដុល្លារ។
មិនតែប៉ុណ្ណោះ បើទោះបីជាគ្មានការអំពាវនាវពីរាជរដ្ឋាភិបាលក្តី ក៏វិស័យឯកជនបានបង្ហាញឆន្ទះចូលរួមដែរ។តួយ៉ាងមានវិស័យឯកជនបានចូលរួមចំណែកក្នុងចលនាដឹកនាំប្រជាពលរដ្ឋ ទៅមើលការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចការការពារព្រំដែននៅតំបន់ភូមិភាគឦសាន ។
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ចទៅភូមិភាគឦសាន បានទទួលការឧបត្ថម្ភទឹកពិសាវីតាល់ចំនួន២០០០កេសពី ក្រុមហ៊ុន វ័នហ្វ្រេតធើនីធី និងមូលនិធិ២៥រៀល ដើម្បីប្រើប្រាស់សម្រាប់ដំណើរទស្សនកិច្ចទៅទិសឦសាននេះ។
ទន្ទឹមនេះ ក្រុមហ៊ុនភេសជ្ជៈបាកាស បានឧបត្ថម្ភភេសជ្ជៈបាកាសចំនួន ៥០០ កេស និងប្រកាសគាំទ្ររហូតបញ្ចប់ដំណើរទស្សនិច្ចនេះ។ ហើយថ្មីៗនេះទៀត ក្រុមហ៊ុន ចុងភៅ សេងហុកហេង ដែលជាអ្នកផ្គត់ផ្គង់អាហារក្នុងពិធីធំៗក្នុងប្រទេសកម្ពុជា បានប្រកាសផ្គត់ផ្គង់កញ្ចប់អាហារពេលព្រឹកជាង ៣០០ កញ្ចប់ក្នុងមួយលើកៗដោយឥតគិតថ្លៃជូនដល់អ្នកចូលរួមដំណើរទស្សនកិច្ចទិសឦសានដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជារហូតកម្មវិធីទស្សនកិច្ចនេះបញ្ចប់នៅចុងឆ្នាំ២០២៤។
ទឹកចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលតាមរយៈឧបត្ថម្ភឧបភោគបរិភោគនេះ បានបង្ហាញអំពីស្មារតីសេ្នហាជាតិយ៉ាងពិតប្រាកដ។
សូមបញ្ជាក់ថា ៖ ដំណើរទស្សនកិច្ចទៅភូមិភាគឦសាននេះ គឺជាគំនិតផ្តួចផ្តើម និងធានាបន្ទុកចំណាយដោយផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។
យោងតាមលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ចទៅភូមិភាគឦសានបានអោយដឹងថាដំណើរទស្សនកិច្ចដំបូងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលការចាប់អារម្មណ៍ខ្ពស់ពីសាធារណជន។
គ្រាន់តែប៉ុន្មានថ្ងៃដំបូងក្រសួងព័ត៌មានទទួលបានស្ថិតិអ្នកចុះឈ្មោះអនឡាញដើម្បីចូលរួមដំណើរទៅភូមិភាគឦសានជាង១០០០នាក់ ហើយប្រជាពលរដ្ឋបានតាមដានសកម្មភាពទស្សនកិច្ចនេះ តាមរយៈបណ្តាញសង្គម ដោយមានអ្នកចូលមើលច្រើន ហើយចែករំលែកក៏ច្រើន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ដំណើរទស្សនកិច្ចមួយថ្ងៃទៅខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី នេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវ៉ាត់ព្រំដែន។ មួយថ្ងៃនៃដំណើរទស្សនកិច្ចនេះ បានធ្វើឱ្យអ្នកចូលរួមទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងអស់មន្ទិលសង្ស័យលើបញ្ហាទឹកដី៕