ក្រុមហ៊ុន Star Sunshine Col.,LTD សង្ស័យនាំជីបំប៉នសិរីរាង្គធម្មជាតិមិនបង់ពន្ធជូនរដ្ឋតាមច្រកម៉ាឡៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ទំនិញគេចពន្ធមួយចំនួន កំពុងហូរចូលតាមច្រកតំបន់ម៉ាឡៃ ដោយប្រើប្រាស់រថយន្តធុនធំជា មធ្យោបាយដឹកជញ្ជូនធ្វើឲ្យរដ្ឋត្រូវបាត់បង់ចំណូលពន្ធនាំចូល ប្រសិនបើសមត្ថកិច្ចជាច្រើនស្ថាប័នពុំទទួលខុសត្រូវ លើភារកិច្ច តួនាទីរបស់ខ្លួន ហើយសំឡឹងឃើញផលប្រយោជន៍បង្កើតជាអំពើពុករលួយ លក្ខណៈប្រព័ន្ធនោះ ។

...

គេបានរាយការណ៍មកថា ក្រុមហ៊ុន Star Sunshine Col.,LTD ដឹកជញ្ជូនជីបំប៉នសិរីរាង្គធម្មជាតិពីប្រទេសថៃ យ៉ាងតិច៧ឆ្នាំមកហើយ សង្ស័យមិនបានបង់ពន្ធជូនរដ្ឋ ប៉ុន្តែក្រុមហ៊ុននេះបានរត់ការណ៍ចាត់ចែង បែងចែកសេវាទៅកាន់សមត្ថកិច្ចមាត់ច្រកតំបន់ ជាមួយនឹងជំនាញផងដែរ ប្រយោជន៍បិទបាំងអំពើរកស៊ីល្មើសច្បាប់ ឬការប្រកួតប្រជែងពាណិជ្ជកម្ម គ្មានភាពស្មោះត្រង់ ។ ជីបំប៉នសិរីរាង្គធម្មជាតិនាំចូលដោយក្រុមហ៊ុន Star Sunshine Col.,LTD គឺជាផលិតផលរបស់ប្រទេសថៃ ត្រូវតែបង់ពន្ធជូនរដ្ឋ ។ ផ្ទុយទៅវិញ ក្រុមហ៊ុនមួយនេះ សង្ស័យមិនបានបង់ពន្ធ និងដឹកជាប្រចាំ មានទាំងយប់ មានទាំងថ្ងៃ ក្នុងនោះ ប្រធានច្រក សមត្ថកិច្ចពាក់ព័ន្ធ អាចដឹងយ៉ាងច្បាស់ពីចំនួននាំចូល ។

លោក សាង វណ្ណសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់តាមទូរស័ព្ទឲ្យដឹងនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ថា ខ្ញុំមិនស្គាល់ឈ្មោះក្រុមហ៊ុនអស់ទេ ព្រោះមានច្រើនណាស់ រឿងបង់ពន្ធ ឬនាំចូលក៏មិនច្បាស់ដែរ ។ លោកវណ្ណសេដ្ឋ បន្តថា ចាំមើលពិនិត្យឡើងវិញក្នុងរឿងនេះ ហើយក៏មិនដឹងថា គេនាំចូលតាមច្រកមួយណាដែរ ។

ដោយឡែកលោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ មិនអាចទាក់ទងបានទេ នាព្រឹកថ្ងៃ ខែ ឆ្នាំដដែលនេះ ដោយគ្មានលេខទូរស័ព្ទ ប៉ុន្តែតំណាងក្រុមហ៊ុន Star Sunshine Col.,LTD បានប្រាប់ឲ្យដឹងថា ពេលនេះមិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវមែន ប៉ុន្តែឯកសារយកទៅសុំនៅក្រសួងពាណិជ្ជកម្មហើយ គ្រាន់តែមិនទាន់ធ្លាក់ ។ នេះបើតាមការអះអាងពីថៅកែរបស់គាត់ ។ តំណាងក្រុមហ៊ុនបន្តថា គាត់មិនធ្វើការងារនេះទេ អ្នកកាន់ការខាងអាជ្ញាប័ណ្ណក្រុមហ៊ុន គេចាត់ចែងរឿងផ្សេង ។

លោកស្រី ឃឹង សុវតនី ប្រធានច្រកតំបន់ម៉ាឡៃ បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា អ្នកស្រីមិនទាន់ចាំថា ក្រុមហ៊ុន នាំជីសិរីរាង្គនោះឈ្មោះអីច្បាស់លាស់ទេ ខណៈមានភារកិច្ចរវល់នៅខាងក្រៅ ប៉ុន្តែមានបញ្ជីនៅកន្លែងធ្វើការ ។ អ្នកស្រីបន្តថា បើតាមខ្ញុំដឹង គឺជាក្រុមហ៊ុនមួយនាំជីមកសាកល្បង ដែលថៅកែនោះត្រូវជាភរិយារបស់មេសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យ ។ ប៉ុន្មានថ្ងៃមុន គាត់មកសុំខ្ញុំចូល៣ឡាន ខ្ញុំក៏ឲ្យទៅ ដោយសារគេថតចម្លងច្បាប់ និងមានបកប្រែជាភាសាខ្មែរផង ទើបអនុញ្ញាត ។

អ្នកស្រីបន្តថា ភរិយារបស់មេសមត្ថកិច្ចនាំជីសិរីរាង្គនេះ គឺសម្រាប់ជួយដល់ប្រជាកសិករ ហើយក៏ជាការសាកល្បង បើជោគជ័យគាត់នឹងនាំចូលបន្ត ។

មន្ត្រីបានរិះគន់ថា វប្បធម៌សាកល្បងក្នុងការនាំចូលទំនិញ វប្បធម៌ដ៏អាក្រក់សាកល្បងពិសោធន៍ ទី១ បំបាត់ពន្ធរបស់រដ្ឋ ទី២ប្រើរូបភាពនេះ ដើម្បីរកស៊ីតាំងពីពិសោធន៍រហូតដល់បញ្ចប់ការងាររាប់សិបឆ្នាំម្តងៗ ដូច្នេះ មន្ត្រីជំនាញពាក់ព័ន្ធគួរពិចារណាចំពោះមុខជំនួញបែបនេះ ដោយសារបំបាត់ពន្ធនាំចូលរបស់រដ្ឋ ឬក៏ករណីខ្លះអាចនឹងធ្វើឲ្យប្រជាកសិករ រងគ្រោះដោយសារមធ្យោបាយអូសទាញក្នុងការឃោសនា ផ្សព្វផ្សាយជាដើម ប្រសិនបើខាងមន្ទីរកសិកម្ម ឬក៏ក្រសួង ពុំបានមានវិធានការទប់ស្កាត់ ។

មន្ត្រីបានបន្តថា ក្រុមហ៊ុន Star Sunshine Col.,LTD នាំជីបំប៉នសិរីរាង្គធម្មជាតិជាច្រើនឆ្នាំមកហើយ ក្នុងនោះមានទាំងបុគ្គលិកគ្រប់ផ្នែកលើការផ្សព្វផ្សាយ ការដឹកជញ្ជូន វេចខ្ចប់ និងចែកចាយ ហេតុអ្វីទើបក្រុមហ៊ុនមួយនេះ នឹងចាប់ផ្តើមចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មទៅវិញ ពីព្រោះ ការផ្សព្វផ្សាយបានធ្វើឲ្យប្រជាពលរដ្ឋ ជាប្រជាកសិករជ្រួតជ្រាប និងចំណាយប្រាក់យ៉ាងច្រើនក្នុងការទិញដោយក្រុមហ៊ុននេះនាំចូល បន្ទាប់ពីទទួលការផ្សព្វផ្សាយថា ជីបំប៉នសិរីរាង្គធម្មជាតិមានអត្ថប្រយោជន៍ក្នុងការដាំដុះដំណាំផ្សេងៗ ដូចជា អំពៅ ពោត ដំឡូង ថ្នាំជក់ កប្បាស ដើមកៅស៊ូ ដូងប្រេង កាហ្វេ និងដំណាំហូបមើមផ្សេងៗ ដូចជាខ្ទឹមក្រហម ខ្ទឹមក្រហមមើមធំ ទំពាំងបារាំង ខ្ទឹមស ឬដើមឈើហូបផ្លែមាន ដូចជាខ្នុរ ក្រួចផ្លុង ធុរ៉េន ក្រួចឆ្មា ស្វាយ ត្របែក និងដំណាំហូបស្លឹកគ្រប់ប្រភេទ ដូចជា ខាត់ណា ត្របក្តគោ ជីត្រកួន ម្រះ ម្ទេស ។ល។ សុទ្ធតែប្រើថិរវេលាខ្លី ទទួលផលចំណេញច្រើន ក្នុងនោះ ក្រុមហ៊ុនមួយនេះ ក៏បានលើកជាទិសស្លោកមួយថា «សំឡាញ់ ដោះបំណុលកសិករខ្មែរ បង្កើនសមិទ្ធផលបំបាត់ភាពក្រីក្រ» ។

រដ្ឋនឹងខាតបង់ចំណូលពន្ធនាំចូលប្រសិនបើសមត្ថកិច្ចជាច្រើនស្ថាប័នគ្រប់គ្រងច្រកមួយនេះខ្វះភាពទទួលខុសត្រូវ ឬនិយាយបានថា បាននិងកំពុងជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយណាមួយ ពីព្រោះថា ក្រុមហ៊ុនដឹកជញ្ជូនយ៉ាងតិច ជិត៧ឆ្នាំមកហើយ ទើបនឹងលេចឮថា រត់ការណ៍ទៅចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មថ្មីៗនេះទៅវិញ ។ ម្យ៉ាងទៀតខាងជំនាញ ដូចជាប្រធានមន្ទីរកសិកម្មខេត្ត អ្នកគ្រប់គ្រងច្រក ក៏មានចេតនាទទួលផលពីមុខរបរនេះហើយគ្មានការទប់ស្កាត់ ៕

IMG_0412 IMG_0416 IMG_0417 IMG_0414 IMG_0413

ដោយ៖ វណ្ណា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print