អន្តរជាតិ ៖ នៅព្រឹកទី១០ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី៩ខែកញ្ញា នៅសណ្ឋាគាររដ្ឋDiaoyutaiក្រុងប៉េកាំង លោកXiJinpingប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោកStøreនាយករដ្ឋមន្រ្តីន័រវែសដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។
ថ្លែងក្នុងកិច្ចជំនួប លោកXiJinpingបានលើកឡើងថា តាំងពីចិននិងន័រវែសបានបង្កើតទំនាក់ទំនងផ្លូវទូត៧០ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិននិងន័រវែសទទួលបានសមិទ្ធផលដ៏ធំធេង។ភាគីទាំងពីរអាចពង្រីកឥតឈប់ឈរនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យដូចជាការពារអេកូបរិស្ថាន ការធ្វើបរិវត្តកម្មថាមពល កសិផល ជលផលនិងរថយន្តអគ្គិសនីជាដើមតាមរយៈឧត្តមភាពរៀងៗខ្លួន។ ភាគីចិនរីករាយបង្កើនការប្រាស្រ័យទាក់ទងនិងសហការជាមួយភាគីន័រវែសលើវេទិកាពហុជាតិដូចជាអង្គការសហប្រជាជាតិជាដើម ដើម្បីអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ជំរុញការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោកដ៏ស្មើភាពនិងមានរបៀបរៀបរយ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន។ រំពឹងថា ភាគីន័រវែសនឹងដើរតួនាទីជាវិជ្ជមានដល់ការជំរុញការអភិវឌ្ឍប្រកបដោយភាពល្អបរិសុទ្ធនិងស្ថិរភាពនៃទំនាក់ទំនងចិន-អឺរ៉ុប។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ជាការឆ្លើយតប លោកStøreបានថ្លែងថា ភាគីន័រវែសគោរពអធិបតេយ្យភាពរបស់ចិន ប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ។ ន័រវែសរំពឹងថានឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយចិន ជាពិសេសគឺខាងវិស័យដូចជាការអភិវឌ្ឍបៃតង ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ កសិផល ជលផល រថយន្តថាមពលថ្មីនិងភាពវៃឆ្លាតសិប្បនិម្មិតជាដើម។ន័រវែសរីករាយបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការជាមួយចិនក្រោមក្របខណ្ឌពហុភាគីដូចជាប្រទេសG20ជាដើម ហើយគាំទ្រអឺរ៉ុបនិងចិនបង្កើនកិច្ចសហប្រតិបត្តិការ៕