រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ ព្រែកជីកហ្វូណនតេជោ និងទិវាសន្ដិភាពនៅកម្ពុជាថ្ងៃ២៩ធ្នូ ១៩៩៨

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាពនៅកម្ពុជា(២៩ធ្នូ១៩៩៨)ក្រោមមូលបទ”រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព“នឹងរៀបចំឡើង នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡដ្ឋានមរតកតេជោ ដោយមានអ្នកចូលរួមប្រមាណជាង៤ម៉ឺននាក់ នេះបើតាមការបញ្ជាក់ឱ្យដឹង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះក៏ មានការចូលរួមពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ,ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ចូលរួមផងដែរ ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ ព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាពនៅកម្ពុជា ក្រោមមូលបទ “រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព“ នឹងរៀបចំឡើងនៅថ្ងៃទី២៩ធ្នូឆ្នាំ២០២៤ខាងមុខ នេះ នៅពហុកីឡដ្ឋានមរតកតេជោ ដែលមានទីតាំងនៅលើវិថីឈ្នះឈ្នះ ក្នុងសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ ដោយ មានអ្នកចូលរួមប្រមាណជាង៤ម៉ឺននាក់។
ឯកឧត្ដមបានបន្តថា៖ ព្រឹត្តិការណ៍នេះ រៀបចំឡើង ក្នុងគោលបំណង ដើម្បីរំលឹកខួបសន្តិភាព ថ្ងៃ២៩ធ្នូឆ្នាំ១៩៩៨និងដើម្បីអបអរសាទរនៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍នេះ ក្រៅពីត្រៀមរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ហើយ យើងនឹងត្រៀមរៀបចំការផ្សព្វផ្សាយអោយបានទូលំទូលាយ ជាមួយតុបតែង រៀបចំបដា រៀបចំតន្រ្តីជាដើម សំដៅធ្វើយ៉ាងណាអោយព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះដំណើរទៅដោយរលូននិងជោគជ័យ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា៖ ព្រឹត្តិការណ៍បាល់ទាត់នេះ អ្វីដែលសំខាន់នោះ គឺកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងពិធី។ យើងពិតជាបានដឹងហើយថា កាលពីថ្ងៃ១៨សីហា ឆ្នាំ២០២៤កន្លងមកនេះ គណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកងកម្លាំងមានសមត្ថកិច្ចរបស់យើងបានបំពេញការងារបានយ៉ាងល្អ ក្នុងកិច្ចការ ពារសន្តិសុខ សុវត្ថិភាព ដោយបានធ្វើអោយពួកជ្រុលនិយម ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទទួលបរាជ័យ។ ប៉ុន្តែយើងត្រូវដឹងថា ពួកអគតិ ជ្រុលនិយមទាំងនេះ នៅតែចិញ្ចឹមចិត្ត បង្កអសន្តិសុខនៅក្នុងសង្គមដដែរ ដែលទៀមទាអោយកម្លាំងរបស់យើងមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នេះ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តទៀតថា៖ ព្រឹត្តិការណ៍បាល់ទាត់នៅថ្ងៃទី២៩ធ្នូនេះនឹងមានការអញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ស្ថាប័នព្រឹទ្ធ សភា ស្ថាប័នរដ្ឋសភា មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ យុវជន មហាជន ចូលរួមប្រមាណជាង៤ម៉ឺននាក់។ដូច្នេះអ្វីដែលយើងត្រូវអនុវត្តគឺកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋដែលទៅចូលរួម៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print