ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ និងបានបង្ហាញពីមូលដ្ឋានជាក់លាក់ក្នុងការដាក់ចេញនូវវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗកន្លងទៅនេះ។
ក្នុងជំនួបលោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បានជម្រាបជូនឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញ អំពីមូលហេតុ នៃចាប់ខ្លួនបុគ្គលមួយចំនួនកាលពីពេលថ្មីៗនេះ ដោយ សារអាជ្ញាធរបានរកឃើញភស្តុតាងរឹងមាំ និងជាក់លាក់ ដូចជា៖ កាំបិត ស្នាប់ដៃ ដបសាំង កាំភ្លើងកែច្នៃ និងឧបករណ៍គ្រោះថ្នាក់ផ្សេងៗទៀត រួមទាំងរូបភាព និងសារសំឡេង ដែលក្រុមនេះបានត្រៀមរៀបចំ ព្រមទាំងការកំណត់គោលដៅជាក់លាក់សម្រាប់ការវាយប្រហារ តួយ៉ាងដូចជា ផ្ទះថ្នាក់ដឹកនាំ និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្អែកលើភស្ដុតាងទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពរបស់បុគ្គលទាំងនោះ គឺមានផែនការគិតទុកជាមុនច្បាស់លាស់ ក្នុងគោលបំណងផ្ដួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
នៅចំពោះមុខឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប, លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ហេតុនេះ វិធានការរបស់អាជ្ញាធរ ដើម្បីថែរក្សាស្ថិរភាពសង្គម សណ្ដាប់សាធារណៈ និងសន្ដិសុខជាតិ គឺធ្វើឡើងដោយស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ ម្យ៉ាងវិញទៀត វិធានការចាប់និងបញ្ជូនខ្លួនទៅតុលាការតាមនីតិវិធី ធ្វើឡើងចំពោះតែមេក្លោង តែប៉ុណ្ណោះ រីឯបុគ្គលដែលជឿតាម ឬចាញ់ការបោកបញ្ឆោតរបស់ពួកមេក្លោង ត្រូវបានអាជ្ញាធរអប់រំណែនាំ និងអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។
ក្រោយពីបានស្ដាប់ការពន្យល់បកស្រាយរបស់លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី, លោក Igor Driesmans បានបង្ហាញនូវចំណាប់អារម្មណ៍ថា រាល់កិច្ចសន្ទនាជាមួយ ទេសរដ្ឋមន្ត្រី កែវ រ៉េមី តែងតែមានលក្ខណៈបើកចំហក្នុងន័យស្ថាបនានា ដោយលោកបានវាយតម្លៃខ្ពស់ថា កិច្ចសន្ទនាបែបនេះនឹងនាំមកនូវប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ។
លោក Igor Driesmans ក៏បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច យ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ហើយលោកនឹងបន្ដគាំទ្រ និងជំរុញបន្ថែមដើម្បីទាក់ទាញការវិនិយោគឱ្យកាន់តែច្រើនពីអឺរ៉ុបមកកម្ពុជា រួមទាំងខិតខំជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងអឺរ៉ុប ក្នុងអាណត្តិ ការងាររបស់ឯកឧត្តម។
ទន្ទឹមនឹងនេះ លោក Igor Driesmans ក៏បានបង្ហាញពីការយល់ឃើញមិនស្របគ្នាខ្លះជាមួយនឹងអាជ្ញាធរកម្ពុជា ចំពោះការអនុវត្តច្បាប់លើករណីមួយចំនួននាពេលថ្មីៗនេះ ជាពិសេស ការឃាត់ខ្លួនយុវជនបីនាក់ ក្នុងពេលមកចូលរួមសិក្ខាសាលាមួយដែលរៀបចំដោយសហភាពអឺរ៉ុប ដោយលោកបានសំណូមពរ ឱ្យធ្វើការពិនិត្យពិចារណាលើករណីនេះ ក៏ដូចជាករណីមួយចំនួនទៀតផងដែរ ដើម្បីបង្រួមគម្លាតនៃការយល់ឃើញមិនស្របគ្នារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ជាការឆ្លើយតបលោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ដោយសារតួនាទីភារកិច្ច និងការទទួលខុសត្រូវ ផ្សេងៗគ្នា ជាសត្យានុម័តនឹងនាំឱ្យមានការយល់ឃើញមិនស្របគ្នាលើបញ្ហាខ្លះ តែតាមរយៈការជួបជជែកពិភាក្សាគ្នា នឹងនាំឱ្យមានការយល់ពីគ្នាកាន់តែច្បាស់ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង ផងដែរ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោកឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ពីគោលជំហរមុតមាំក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការជួយទាក់ទាញ អ្នកវិនិយោគបន្ថែមទៀត។
បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកអគ្គរដ្ឋទូត អំពីគម្រោងរៀបចំកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុង នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ផង និងដើម្បីការងារមនុស្សធម៌ផង ហើយលោកទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញឯកអគ្គរដ្ឋទូតចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានប្រគល់សេចក្តីបំភ្លឺរបស់ គ.ស.ម.ក. ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍ដោយគ្មានមូលដ្ឋានរបស់អង្គការ ASEAN Paliamentarians for Human Rights (APHR) កាលពីពេលថ្មីៗនេះ ជូនឯកអគ្គរដ្ឋទូត ដើម្បីជ្រាបជាព័ត៌មាន និងទុកជាឯកសារ៕ដោយ៖តារា