ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា៖ រាជរដ្ឋាភិបាល នឹងបន្តលើកលែងនូវពន្ធអាករដល់បងប្អូនប្រជាកសិករ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល នឹងខិតខំធ្វើនូវធារាសាស្រ្តទឹកជាច្រើនកន្លែងបន្ថែមទៀត ដើម្បីជួយសម្រួលដល់បងប្អូនប្រជាកសិករប្រកបមុខរបរកសិកម្មឱ្យកាន់តែល្អប្រសើរបន្ថែម។ ការអះអាងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះថា៖ រាជរដ្ឋាភិបាលអាណត្តិទី៧នៃនីតិកាលរដ្ឋសភានេះមិនព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះឡើយ ហើយរាជរដ្ឋាភិបាលបាននិងកំពុងបន្តមិនយកពន្ធអាករពីប្រជាកសិករ និងលើក លែងពន្ធនូវជី និងថ្នាំសម្រាប់កសិកម្ម និងជួយតាមរយៈគោលនយោបាយផ្សេងៗទៀត ដើម្បីជួយកាត់បន្ថយការលំបាកដល់ប្រជាកសិករនោះ។
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានថ្លែងបន្តថា តាមរយៈគោលនយោបាយអនុគ្រោះនានារបស់រាជរដ្ឋាភិបាលគឺបានជំរុញឱ្យមានការរីកចម្រើន ជាជំហានៗក្នុងវិស័យកសិកម្ម តួយ៉ាងផលិតកម្មស្រូវបានកើនដល់ ១២.៤៥លានតោនស្រូវសើម នៅឆ្នាំ២០២២-២០២៣ និងបាននាំចេញអង្ករចំនួន៦៥៦ពាន់តោនអង្ករ ដែលគិតជាទឹកប្រាក់បានចំនួន៤៦៦ លានដុល្លារសហរដ្ឋអាមេរិក និងបាននាំចេញស្រូវចំនួន៤.៣៩ លានតោនស្រូវ ដែលគិតជាទឹកប្រាក់បានចំនួន ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិកផងដែរ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានសម្តែងនូវមោទនភាពក្នុងរយៈពេលកន្លងទៅនេះ វិស័យស្រូវអង្កររបស់កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយមានការនាំចេញស្រូវអង្ករបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិ៕ដោយ៖តារា