សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧​

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤។​

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

  សម្ដេចធិបតី ថ្លែង​ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិមិនដែលប្រងើយកន្ដើយចំពោះវិស័យកសិកម្មឡើយ។ រាជរដ្ឋាភិបាលកម្ពុជាជាច្រើនអាណត្តិមកហើយតាំងពីពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តមកដល់បច្ចុប្បន្នបានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម រួមទាំងវិស័យស្រូវអង្ករនេះផងដែរ។ តាមការយកចិត្តទុកដាក់ជំរុញលើវិស័យស្រូវអង្ករនេះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិតស្បៀងដ៏ធំមួយ ជួយទ្រទ្រង់ដល់សន្តិសុខស្បៀងពិភពលោកផងដែរ។

  សម្ដេចធិបតី ថ្លែង​ថា រាជដ្ឋាភិបាលអាណត្តិទី៧នេះ បន្តដាក់ចេញនូវការអនុគ្រោះជាច្រើនដល់វិស័យកសិកម្ម ក្នុងនោះមានដូចជាពន្ធអាករនៅក្នុងស្រុក និងការនាំចេញ ការសម្រួលការបញ្ចុះថ្លៃអាគ្គិសនីនៅក្នុងវិស័យកសិកម្ម និងកំពុងពិនិត្យដើម្បីផ្ដល់ការអនុគ្រោះលើវិស័យផ្សេងៗជាច្រើនទៀត។

  សម្ដេចធិបតី ថ្លែង​ថា ក្រោមស្មារតីយកចិត្តទុកដាក់លើវិស័យកសិកម្មនេះ រាជរដ្ឋាភិបាលបានដាក់ចេញ កម្មវិធីគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលអនុម័តដោយគណៈរដ្ឋមន្ត្រីនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១០ ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យកសិកម្មក្នុងសន្ទុះ និងទំហំថ្មីមួយដើម្បីពង្រីក និងពង្រឹងមូលដ្ឋានកំណើនសេដ្ឋកិច្ចផង ព្រមទាំងល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងលើកតម្កើងជីវភាពរបស់ ប្រជាជនផងដែរ។

  សម្ដេចធិបតី ថ្លែង​ថា រាជដ្ឋាភិបាលបន្តលើកស្ទួយ និងពង្រឹងវិស័យកសិកម្ម ដោយលើកស្ទួយផលិតកម្មកសិកម្ម, ការដាក់ពង្រាយមន្រ្ដីកសិកម្មនៅតាមឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

-សម្តេចធិបតី ថ្លែង​ថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃនីតិកាលរដ្ឋសភានេះមិនព្រងើយកន្តើយចំ ពោះវិស័យកសិកម្មនោះឡើយ ដោយរាជរដ្ឋាភិបាលបានបន្តមិនយកពន្ធអាករពីប្រជាកសិករ និងលើក លែងពន្ធនូវជី និងថ្នាំសម្រាប់កសិកម្ម និងជួយតាមរយៈគោលនយោបាយផ្សេងៗទៀតជាដើម។

-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើនូវធារាសាស្រ្ត ទឹកជាច្រើនកន្លែងថែមទៀត ដើម្បីជួយសម្រួលដល់បងប្អូនប្រជាកសិករប្រកបកសិកម្មឲ្យកាន់តែល្អប្រសើរបន្ថែម ខណៈបងប្អូនប្រជាពលខ្មែរភាគច្រើនប្រកបមុខរបរកសិកម្មនោះ។

  សម្ដេចធិបតី ថ្លែង​ថា ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាមាន រោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យម និងធំនៅទូទាំងប្រទេសមានចំនួន ២៧០ទីតាំង ដែលក្នុងនោះ រោងម៉ាស៊ីនកិនស្រូវចំនួន៨០ មានសមត្ថភាព និងបំពាក់បរិក្ខារគ្រប់គ្រាន់តាមបទដ្ឋាននាំចេញ និងមានសមត្ថភាព កិនកែច្នៃសម្រាប់បម្រើការនាំចេញបានចំនួន ១,២០០តោនក្នុងមួយម៉ោង ឬ ១២,០០០តោនក្នុងមួយថ្ងៃ ឬ ៣លានតោនក្នុងមួយឆ្នាំ។

  សម្ដេចធិបតី ថ្លែង​ថា តាមរយៈគោលនយោបាយអនុគ្រោះនានារបស់រាជរដ្ឋាភិបាល ជំរុញឱ្យមានការរីកចម្រើនជាជំហានៗក្នុងវិស័យកសិកម្ម តួយ៉ាងផលិត កម្មស្រូវបានកើនដល់ ១២.៤៥លានតោនស្រូវសើម នៅឆ្នាំ២០២២-២០២៣ និងបាននាំចេញអង្ករចំនួន ៦៥៦ ពាន់តោនអង្ករ ដែលគិតជាទឹកប្រាក់បានចំនួន ៤៦៦ លានដុល្លារសហរដ្ឋអាមេរិក និងបាននាំចេញស្រូវចំនួន ៤.៣៩ លានតោនស្រូវ ដែលគិតជាទឹកប្រាក់បានចំនួន ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

  សម្ដេចធិបតី ថ្លែង​ថា ជារួម ការនាំចេញស្រូវ និងអង្ករនៅឆ្នាំ២០២៣ មានទឹកប្រាក់សរុបចំនួន ១.៧៩ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ អ្វីដែលរឹតតែប្រសើរឡើងថែមទៀតនោះ គឺក្នុងរយៈពេល ១២ខែ (ខែសីហាឆ្នាំ ២០២៣ ដល់ ខែសីហា ឆ្នាំ២០២៤) នៃរាជរដ្ឋាភិបាលនីតិកាលទី៧នេះ វិស័យស្រូវអង្ករកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ គឺការនាំ ចេញអង្ករបានចំនួន ៧០៥,៦៣៨ តោន និងនាំស្រូវចេញបានចំនួន ៥,០២៧,៣៦៩តោន។

-សម្ដេចធិបតី ប្រកាសថា​ នៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ សម្ដេចធិបតី នឹងអញ្ជើញទៅសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវទំនប់អាងទឹកអូរតេនៅខេត្តមណ្ឌលគិរី ដោយទំនប់ទឹកនេះ ជាទំនប់ស្ទាក់ទឹកបេតុង ដែលមានប្រវែង៣០៦ម៉ែត្រ ហើយវាអាចផ្គត់ផ្គង់ទឹកស្អាត បានរហូតដល់ចំនួន១២លានម៉ែត្រត្រីគុណ។

-សម្តេចធិបតី ថ្លែង​អំពាវនាវដល់វិស័យឯកជនទាំងអស់ដែលទាក់ទងនឹងវិស័យស្រូវ អង្គរ គប្បីបន្តរក្សានូវគុណភាពស្រូវ អង្ករកម្ពុជាឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីថែរក្សាកេរ្តិ៍ឈ្មោះកម្ពុជាបានទៅមុខយូរអង្វែង។

សូមជម្រាបជូនថា​ វេទិកាស្រូវអង្ករកម្ពុជាលើកទី៧នេះ រៀបចំឡើងក្រោមប្រធានបទ «ការប្រែក្លាយច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព»។ វេទិកានេះ រៀបចំឡើងក្នុងគោលបំណងចម្បងៗចំនួន៤រួមមាន៖

*១៖ ផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យស្រូវអង្ករកម្ពុជាទៅកាន់ពិភពលោក តាមរយៈការបង្ហាញអំពីសមត្ថភាពផលិតកម្មស្រូវ ការកិនកែច្នៃ និងភាពប្រជែងឈ្នះផ្សេងទៀតរបស់វិស័យស្រូវអង្ករកម្ពុជា។

*២៖ ចែករំលែកដល់អង្គវេទិកាស្តីពីនិន្នាការនៃទីផ្សារ ការដាំដុះ ហិរញ្ញប្បទាន និងបច្ចេកវិទ្យាដែលពាក់ព័ន្ធដល់ការដាំដុះស្រូវ ការកិនកែច្នៃស្រូវអង្ករ។

*៣៖ ចែករំលែកដល់អង្គវេទិកាស្តីអំពីទស្សនៈវិស័យ គោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលលើវិស័យស្រូវអង្ករកម្ពុជា។

...

*៤៖ ពិភាក្សាស្វែងរកធាតុចូល និងអនុសាសន៍នានា សម្រាប់លើកកម្ពស់វិស័យស្រូវអង្ករនៅកម្ពុជា លើប្រធានបទសំខាន់ៗចំនួន៣រួមមាន៖ ១) «គន្លឹះសំខាន់នៃភាពប្រកួតប្រជែង និងភាពធន់លើការធ្វើកសិកម្មដាំដុះស្រូវនៅកម្ពុជា», ២) «គោលការណ៍បរិដ្ឋាន សង្គម អភិបាលកិច្ចល្អ និងនិរន្តរភាពហិរញ្ញប្បទានដល់វិស័យស្រូវអង្ករ», ៣) «និន្នាការទីផ្សារអង្ករពិភពលោក និងបញ្ហាសន្តិសុខស្បៀង»៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print