ខេត្តព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ” នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២៣ ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នោះ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។
បើតាមការបញ្ជាក់ពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចំណតផែកុងតឺន័រដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានរដ្ឋសភាកម្ពុជានាពេលបច្ចុប្បន្ន។
លោករដ្ឋមន្ត្រី បន្តថា ចំណតផែកុងតឺន័របន្ថែមនេះ ត្រូវបានសាងសង់ និងស្តារជម្រៅទឹកដល់ ១១,៥ម៉ែត្រ និងការបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប រួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទ QGC ចំនួន ២គ្រឿង, និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទ RTG ចំនួន ៦គ្រឿង រួមទាំងការបំពាក់សម្ភារបរិក្ខារសំខាន់ៗផ្សេងទៀត ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមនេះ បានប្រមាណ ៤៥ម៉ឺនTEUs/ឆ្នាំ។
លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាននិងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី៥៥ម៉ឺនTEUs/ឆ្នាំ ទៅ ១លាន TEUs/ឆ្នាំ និងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨ភាគរយ ទៅប្រមាណ ៣៨ភាគរយ នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កើនឡើងរហូតដល់ ៤៩,២៥ភាគរយ។
គួរជម្រាបថា គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ បានអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរេសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ និងក្រុមហ៊ុន Oriental Consultants Global ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៧ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយ ថវិកាសរុបប្រមាណ ៣៧,៥លានដុល្លារអាម៉េរិក ក្នុងនោះ ថវិកាឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនប្រមាណ ១០លានដុល្លារអាម៉េរិក, ថវិការបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមាណ ២៧,៥លានដុល្លារអាម៉េរិក រួមទាំងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ ការដោះស្រាយពន្ធអាករផ្សេងៗ៕ដោយ៖តារា