ខេត្តក្រចេះ៖ រថយន្តហ្វដមួយគ្រឿងដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែងត្រូវបានកម្លាំងឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះសហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះប្រដេញស្ទាក់ចាប់បាន តែអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ការស្ទាក់បង្រ្កាបចាប់រថយន្តហ្វដដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែងនោះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ប្រភពបានឱ្យដឹងថា នាយកដែនជម្រកសត្វព្រៃសំបូរ លោកញ៉ែម វិសាល បានដឹកនាំកម្លាំងឧទ្យានុរក្ស សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ ប្រដេញស្ទាក់ចាប់រថយន្ត Ford មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 2C-7792 ដែលដឹកឈើចេញពីខេត្តស្ទឹងត្រែង ចូលមកក្នុងខេត្តក្រចេះ ។
ប្រភពបន្តថា រថយន្ត Ford នោះក្នុងពេលដឹកឈើក៏បើកបររត់គេចចេញពីកម្លាំងសមត្ថកិច្ចចូលទៅជ្រកពួននៅក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែងដែលនៅតាមបណ្តោយផ្លូវជាតិលេខ៧ នៃភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ។
កម្លាំងសមត្ថកឹច្ចស្របពេលដេញប៉ផាប់ចាប់ពភីងផងនោះក៏បានបញ្ជាឱ្យម្ចាស់ផ្ទះបើកសោរបងនិងចូលទៅរឹបអូសយកវត្ថុតាងបទល្មើសជាក់ស្តែង នាំយកមកប្រគល់ជូនសង្តាត់រដ្ឋបាលព្រៃឈើអូរគ្រៀងរក្សាទុកធ្វើកំណត់ហេតុចាត់ការបន្តតាមច្បាប់ព្រៃឈើ។
ចំណែកអ្នកបើកបររថយន្តនោះបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែរ។
ប្រភពបន្តទៀតថា ក្រុមរថយន្ត Ford នេះ នៅមានជាច្រើនគ្រឿងទៀតដែលកម្លាំងសមត្ថកិច្ចមិនទាន់បានធ្វើការបង្ក្រាប ហើយក៏នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើដោយផ្គើនទៅនឹងច្បាប់ព្រៃឈើ ពិសេសផ្គើនទៅនឹងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
នាយឧត្តមសេនីយ៍ សៅ សុខា នៅរយៈកាលកន្លងមក ធ្លាប់បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុតដល់កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថនៅខេត្តដែលមានបទល្មើសព្រៃឈើ ធនធានធម្មជាតិ ឱ្យពង្រឹងការទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាន ដោយគ្មានការលើកលែងនិងយោគយល់នោះឡើយ។
អ្វីដែលគួរឱ្យកត់សម្គាល់ បើទោះបីបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជ្រាបដល់មូលដ្ឋានយ៉ាងណាក្តីក៏គេនៅតែសង្កេតឃើញថា នៅមានក្រុមឈ្មួញតូចធំនៅតែផ្គើននឹងបទបញ្ជានោះ ហើយបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ដោយគ្មានញញើតច្បាប់ជាដដែល៕ ដោយ ជីវ័ន្ត