ខេត្តកំពង់ស្ពឺ÷ រថយន្តកែច្នៃ១គ្រឿងដែលគេស្គាល់ ជារបស់មេឈ្មួញល្បីមានឈ្មោះហ្វីលីប ប្រចាំតំបន់ស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើសង្កាត់សំរោងទង បង្ក្រាបបាន ខណៈដែលមេឈ្មួញឈ្មោះហ្វីលីប បានឱ្យកូនចៅដឹកឈើអារជ្រុង(ឈើឃ្លុំ) ប្រមាណជាង៦ម៉ែត្រគូប រួមនឹងម៉ូតូ១គ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៤។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងក្រុមមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់សំរោងទងបង្ក្រាបរថយន្តដឹកឈើបាននិយាយឲ្យដឹងថា រថយន្ត១ គ្រឿងដែលត្រូវបានមេព្រៃសង្កាត់រដ្ឋបាលព្រៃឈើសំរោងទងបង្ក្រាបនោះម៉ាកTOPIC ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខភ្នំពេញ 2K.0021ជាប្រភេទរថយន្តកែច្នៃដឹកឈើដោយម្ចាស់ឈ្មោះហ្វីលីប ជាមេឈ្មួញល្បីឈ្មោះម្នាក់ប្រចាំតំបន់ស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ។
ប្រភពព៌មានពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា រថយន្តកែច្នៃរបស់មេឈ្មួញឈ្មោះ ហ្វីលីប នេះប្រមូលទិញឈើឃ្លុំជ្រុងៗ ដែលមានមុខកាត់៤០ទៅ៥០ជុំ ដែលក្រុមអ្នកកាប់ឈើចេញពីតំបន់ឆាយរាប ក្នុងខេត្តកោះកុង ព្រំ ប្រទល់ជាមួយភូមិរមាំងសរ ឃុំតាសាល ស្រុកឱរ៉ាល់។ការប្រមូលទិញឈើរបស់ថៅកែ ឈ្មោះ ហ្វីលីប នេះជាយូរឆ្នាំណាស់មកហើយ ដោយប្រើគ្រប់រូបភាពក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើនេះ។ មានទាំងគោយន្តកន្ត្រៃដឹកចេញពីក្នុងព្រៃ ហើយមកដល់ស្ទឹងធំ ទើបថៅកែ ហ្វីលីប ប្រើរថយន្តស្ទូចដាក់លើរថយន្តកែច្នៃមិនក្រោម៤គ្រឿងនោះឡើយ។
ក្រោយការបង្ក្រាបរថយន្ត០១គ្រឿងកែច្នៃដឹកឈើមាន ចំនួន១០ដុំ ជំនាញរដ្ឋបាលព្រៃឈើសង្កាត់សំរោងទងធ្វើការវាស់វែង ស្មើនឹង៦,៧៣៧ម៉ែត្រគូបឈើអារជ្រុង ប្រភេទលេខ១ និងលេខ២ និងប្រភេទក្រៅលំដាប់ ថ្នាក់។ ជំនាញបានពិនិត្យជាក់ស្តែងឃើញថា ឈើនេះបានដឹកចេញពីខេត្តផ្សេង(កោះកុង)ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាប្រភេទឈើស្ថិតក្រៅលំដាប់ ថ្នាក់ ដូចចំនួនខាងលើ ជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើ បន្ទាប់មកបាននាំយកមក រក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីចាត់ ការបន្តទៅតាមនីតិវិធីស្តីពីច្បាប់រដ្ឋបាលព្រៃឈើ៕