ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្សប្រុសស្រីចំនួន៣នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ ៣លើកផ្សេងគ្នានៅស្រុកក្រគរនិងស្រុកភ្នំក្រវ៉ាញ។
សមត្ថកិច្ចនរគបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៥-១៥៦ ស្ថិតក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើករវាងរថយន្តម៉ាក TOYOTA IFAT ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឃន សុភាព ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅសង្កាត់និរោធិ៍ ខ័ណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុបានបុកម៉ូតូមួយគ្រឿងម៉ាក VIVA ពណ៌ខ្មៅ គ្មានស្លាកលេខ ខណៈកំពុងធ្វើដំណើរស្របទិសគ្នាស្រាប់តែម៉ូតូបត់ឆ្លងផ្លូវ គ្រានោះម៉ូតូបត់ត្រឡប់មកវិញ ក៏ត្រូវរថយន្តបុកពេញទំហំតែម្តងបណ្តាលឲ្យអ្នកបើកម៉ូតូនិងអ្នករួមដំណើររបួសធ្ងន់ ត្រូវបានគេបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ជនរងរបួសទី១-ឈ្មោះ ប៉ាង សុគា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបំណក់ ឃុំឈើតុំ (អ្នកបើកម៉ូតូ) និងទី២-ជាអ្នករួមដំណើរឈ្មោះ លឹម វិចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលទាហ៊ាន ឃុំឈើតុំ ចំណែកវត្ថុតាងម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននរគបាលស្រុកក្រគរដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី។
ប្រភពពីសមត្ថកិច្ចដដែលបានបន្តថា រយៈពេល ១៥នាទីក្រោយថ្ងៃដដែលនៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលនោះ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨-១៤៩ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរចរណ៍មួយលើកទៀត បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក លុចសីស RX300 ពណ៌ស្ករ បានរេចង្កូតមកបុករថយន្តក្រុង ខណៈកំពុងធ្វើដំណើរបញ្រ្ជាស់ទិសគ្នាបណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាង ប៉ុន្តែពុំមានបង្កការរងរបួសដល់មនុស្សណាម្នាក់នោះទេ ហើយសមត្ថកិច្ចក៏ពុំបានធ្វើកំណត់ហេតុអ្វីនោះដែរ ដោយភាគីទាំងសងខាងទទួលខុសត្រូវខ្ពស់ខាងរថយន្តបង្កព្រមព្រាងសងថ្លៃការខូចខាតភាគីរថយន្តក្រុង។
ដោយឡែកនរគបាលប៉ុស្តិ៍រដ្ឋបាលប្រងិលបានឲ្យដឹងដែរថា នៅវេលាម៉ោង៥និង៤០នាទីរសៀល ថ្ងៃដដែលនៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ១៧-១៨ ស្ថិតនៅភូមិស្វាយប៉ាក ឃុំប្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកដែរបង្កឡើងដោយរថយន្តបាឡែន ពណ៌ស្ករ បុកអ្នកជិះកង់ ខណៈកំពុងធ្វើដំណើរស្រប់ទិសគ្នាបណ្តាលឲ្យភាគីជិះកង់រងរបួសធ្ងន់។
ប្រភពពត៌មានពីនរគបាលប៉ុស្តិ៍ខាងលើបានឲ្យដឹងបន្តថា តាមប្រភពនានាជុំវិញកន្លែងកើតហេតុគេឃើងរថយន្តបាឡែន ពណ៌ស្ករ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបុកកង់ ខណៈកំពុងជិះស្រប់ទិសគ្នា ប៉ុន្តែត្រូវបានគេសង្ស័យអ្នកជិះកង់ជិះឆ្លងផ្លូវក៏ត្រូវរថយន្តបុកពេញទំហំបណ្តាលឲ្យស្រ្តីជិះកង់ផ្លោងធ្លាក់លើកញ្ចក់រថយន្តបែកខាងឆ្វេងផ្នែកខាងមុខរងរបួសយ៉ាងធ្ងន់ធ្ងរ ស្រ្តីជិះកង់រងរបួសធ្ងន់ត្រូវបានគេស្គាល់ឈ្មោះ រីក ស៊ន អាយុ៦៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពដដែលមិនបានបញ្ចាក់អំពីស្លាកលេខរថយន្តនោះទេ គ្រាន់តែរថយន្តនោះម៉ាកកាមរីបាឡែន គាត់ជាមន្រ្តីនគរបាលពាក់ស័ក្តបួនឈ្មោះ ម៉ី ហ៊ី ហើយគាត់បានសម្រប់សម្រួលជាមួយជនរងរបួសនិងក្រុមគ្រួសារបានដឹកគាត់មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងបន្តការដោះស្រាយជាមួយភាគីរងគ្រោះ ប៉ុន្តែការដោះស្រាយនៅកំរិតណានោះទេ ៕
ដោយ៖ ប៉ឹម ពិន