ខេត្តប៉ៃលិន៖ ពលរដ្ឋខ្មែរជាច្រើននាក់បានចូលលេងកាស៊ីណូដោយសេរី ក្នុងកាស៊ីណូយ៉ាងតិចចំនួន៤នៅច្រកព្រំ ខេត្តប៉ៃលិន ក្នុងនោះរួមមាន៖ កាស៊ីណូ(ក្រោន វិចតូរិយា) កាស៊ីណូ (កាឡាក់ស៊ី ហូតែល) កាស៊ីណូ(ប៉ៃលិន ផ្លេបម៉ឹងហ្គោ) និងកាស៊ីណូ (ចាស់ស្ម៊ីន ហៅ៧ជាន់) ដែលគេអះអាងថាពលរដ្ឋខ្មែរចូលលេងច្រើនជាងបរទេស។
ក្រសួងមហាផ្ទៃក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនអនុញ្ញាតឲ្យកាស៊ីណូដែលមានអាជ្ញាប័ណស្របច្បាប់នោះឲ្យខ្មែរចូលលេងនោះឡើយ មានការដកហូតអាជ្ញាប័ណប្រសិនបើកាស៊ីណូណាមួយអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេង។ ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការសំណូមពរឲ្យអាជ្ញាធរខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធគួរមានវិធានការគិតគូក្នុងរឿងនេះ បន្ទាប់ពីមានពលរដ្ឋជាច្រើនត្រូវបានខាតបង់ទ្រព្យសម្បត្តិ អស់ផ្ទះសំបែង ដី ស្រែចំការ និងមួយចំនួនទៀតបែកបាក់ក្រុមគ្រួសារ បង្កឡើងដោយការឈ្លក់វង្វេងនឹងល្បែងស៊ីសងនេះ ជាពិសេសក្រោមការគ្រប់គ្រងតែភាពធូរលុងពីអាជ្ញាធរនិងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ។
ពាក់ព័ន្ធករណីនេះនាយករដ្ឋបាលកាស៊ីណូចំនួន២ ក្នុងចំណោមកាស៊ីណូទាំង៤ខាងលើ បានប្រាប់ឲ្យដឹងថា ពួកគាត់មិនហ៊ាននិយាយនិងបកស្រាយនោះទេ រឿងនេះមានតែថៅកែធំៗខាងលើទើបគាត់អាចនិយាយបាន ពីព្រោះការអនុញ្ញាតឲ្យខ្មែរចូលលេងមិនមែនចេះតែហ៊ានដោយស្រួលៗ សំខានត្រូវកើតឡើងដោយសារការឯកភាពណាមួយពីអាជ្ញាធរខេត្តក៏ដូចជាសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ៕
ដោយ៖ ស សារ៉េត