ខេត្តរតនគិរី៖ រថយន្តដឹកឈើប្រណិតមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-1619 លួចដឹកឈើប្រណិតប្រភេទធ្នង់ជាច្រើនដុំ ហើយដឹកចេញពីព្រំប្រទល់ខេត្តស្ទឹងត្រែង ឆ្ពោះមកកាន់ខេត្តរតនគិរី។
ករណីនេះត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តរតនគិរី រួមជាមួយកម្លាំងប៉េអឹមផ្ទៃប្រទេស បានធ្វើការបង្ក្រាបបានកាលពីវេលាម៉ោង៣និង១៥នាទីយប់ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចភ្នំកូនសេក តាមកំណាត់ផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ។
បើតាមការឲ្យដឹងពីលោក គឹម ឆេងលឹម នាយសង្កាត់រដ្ឋបាលព្រៃឈើកូនមុំបានឲ្យដឹងថា ក្រោយពីបង្ក្រាបបានរថយន្តខាងលើនេះដែរម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ប្រភពច្បាស់ការបានឲ្យដឹងថា ម្ចាស់រថយន្តដឹកឈើប្រណិតខាងលើនេះឈ្មោះ ស្នា ជាមន្ត្រីនគបាលខេត្តរតនគិរី សកម្មក្នុងការដឹកជញ្ជូនឈើប្រណិតខុសច្បាប់ចូលក្រុងបានលុង និងបន្តដឹកទៅលក់នៅឯប្រទេសវៀតណាម។
បច្ចុប្បន្នរថយន្តដឹកឈើត្រូវបានជំនាញរដ្ឋបាលព្រៃឈើយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រីឯចំនួនឈើសមត្តកិច្ចជំនាញពុំទាន់ធ្វើការវាស់វែងនៅឡើយទេ៕
ដោយ៖ វុទ្ធឦសាន