ភ្នំពេញ÷ នៅរសៀលថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអណត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (Mid-term Review Mission ADB) សម្រាប់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះលោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការ វាយតម្លៃការងារគម្រោង និងបន្តធ្វើការសហការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយវិស័យកសិកម្មកម្ពុជាស្រប តាមគោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ជាពិសេសចូលរួមជំរុញសហគមន៍កសិកម្មទំនើប។
ជាមួយគ្នានេះដែរលោមរដ្ឋមន្ត្រី គូសបញ្ជាក់ថា គម្រោងអាចពិនិត្យលទ្ធភាពបន្ថែមក្នុងការគាំទ្រដល់មន្ទីរ ពិសោធន៍ជាតិ ដែលមានសមត្ថភាពត្រួតពិនិត្យគុណភាពផលិតកសិកម្ម និងចំណីអាហារ ដើម្បីធានាសុវត្ថិភាពផលិតផលសម្រាប់អ្នកប្រើប្រាស់។
លើសពីនេះទៀតលោករដ្ឋមន្ត្រី បានលើកឡើងពីកសិផលសក្ដានុពលរបស់កម្ពុជា ដូចជា ស្វាយចន្ទី ដំឡូងមី និងស្វាយស្រស់ ដែលគម្រោងអាចពិចារណាជួយគាំទ្រអភិវឌ្ឍ និងពង្រឹងខ្សែច្រវាក់តម្លៃ ចាប់ពីការដាំដុះ កែច្នៃ រហូតដល់ទីផ្សារ និងនាំចេញ ធ្វើយ៉ាងណាឱ្យកសិករ និងសហគមន៍កសិកម្មទំនើប ទទួលបានផលចំនេញ និងតម្លៃបន្ថែមខ្ពស់។
បើតាមលោករដ្ឋមន្ត្រី កម្ចីជាមួយអត្រាការប្រាក់ទាប ក៏ជាតម្រូវការសំខាន់សម្រាប់កសិករ និងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យពួកគាត់អាចពង្រឹងផលិតកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងអាចទិញផលិតផលកសិកម្មបានទាន់ពេលវេលាសម្រាប់ស្តុកទុកនិងកែច្នៃ ជាជាងលក់ផលិតផលកសិកម្មភ្លាមៗ ដែលនាំឱ្យបាត់បង់តម្លៃបន្ថែម។
ភាគីទាំងសងខាង បានលើកឡើងអំពីការបន្តកិច្ច សហការបន្ថែមទៀត ដោយនឹងពិនិត្យតាមដានរួមគ្នាក្នុងការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដែលអាចផ្តល់ប្រយោជន៍ដល់កសិករពិតប្រាកដ៕