ខេត្តប៉ៃលិន÷ នារសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ លោកហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មា ធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនា មហាជននៃគណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តប៉ៃលិន។ អញ្ជើញចូលរួមអមគណៈអធិបតីរួមមាន លោកស្រីបាន ស្រីមុំ ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្ត សមាជិក សមាជិកា គណៈចលនាមហាជនទទួលបន្ទុកក្រុង ស្រុក សមាជិកា សមាជិកាមន្រ្តីគណបក្សសរុប១៩២ នាក់។
ជាកិច្ចចាប់ផ្តើម លោកស្រី បាន ស្រី មុំ ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈអធិបតី និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងកម្មវិធីនាឱកាសនេះ។ ជាមួយគ្នានោះ លោកស្រីបានធ្វើរបាយការណ៍សង្ខបស្តីពីរចនាសម្ព័ន្ធ និងលទ្ធផលការងារកន្លងមករបស់គណៈចលនាមហាជនខេត្តប៉ៃលិន ដោយរំលេចពីការពង្រឹងរចនាសម្ព័ន្ធគណៈចលនាមហាជនក្រុង ស្រុក និងយកចិត្តទុកដាក់លើក្បាលម៉ាសុីន។ លោកស្រីក៏បានគូសបញ្ជាក់អំពីភាពឈ្នះរបស់គណបក្សប្រជាជនខេត្តប៉ៃលិនក្នុងការទទួលបានលទ្ធផលជោគជ័យនៃការ បោះឆ្នោតកន្លងទៅ។
ក្រោយពីស្តាប់របាយការណ៍ស្វាគមន៍របស់លោកស្រី បាន ស្រីមុំ រួចមក លោក ហ៊ុន ម៉ានី បានផ្តាំផ្ញើការសួរ សុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានទាំង៥ ជូនចំពោះគណៈចលនាមហាជនខេត្ត ដែលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាន និងនាំមកនូវភាពឈ្នះជូនគណបក្សប្រជាជនជា បន្តបន្ទាប់។ លោកបានគូសបញ្ជាក់ផងដែរថា ជំនួបសំណេះសំណាលនាពេលនេះ រៀបចំឡើងក្នុងគោល បំណងដើម្បីថ្លែងអំណរគុណដោយផ្ទាល់ដល់គណបក្សខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តប៉ៃលិនទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើអនុវត្តកម្មវិធីនយោបាយរបស់គណបក្សយ៉ាងសកម្ម និងផ្សព្វផ្សាយនូវស្ថានការណ៍ ការវិវត្តន៍ថ្មីៗ ក៏ដូចជាស្ថានភាពនយោបាយ ដែលបាន និងកំពុងជះឥទ្ធិពល មកលើសតិអារម្មណ៍មហាជន។
មានប្រសាសន៍បន្ថែមទៅកាន់អង្គពិធី លោកគូស បញ្ជាក់ផងដែរថា ការងារ និងលទ្ធផលដែលគណបក្សអាចសម្រេចបាន គឺពិតជាបានមកពីការចូលរួមរបស់សមាជិក សមាជិកា ថ្នាក់មូលដ្ឋាន ដែលតែងតែកសាងជំនឿចិត្តជូនប្រជាជន រហូតទទួលបានភាពឈ្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋា ភិបាលអាណាត្តិទី ៧ សម្រេចបាន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ។ សមិទ្ធផលទាំងនោះរួមបញ្ចូល ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ និងជំរុញការអនុវត្តវិធានការគឹន្លះទាំង ៥ ក៏ដូចជាការសម្រេចបាននូវសមិទ្ធផលជាច្រើនផ្សេងទៀតគួរជាទីមោទនៈផងដែរ៕