សារព័ត៌មាន Reuters បានផ្សាយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា បាននិយាយថាលោកខាងលិចនឹងត្រូវប្រយុទ្ធដោយផ្ទាល់ជាមួយរុស្ស៉ី ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារលើទឹកដីរុស្ស៉ី ដោយប្រើប្រាស់អាវុធរយៈចម្ងាយផលិតដោយលោកខាងលិច ដែលជាទង្វើមួយត្រូវបានលោកផ្ទាល់អះអាងថា នឹងកែប្រែលក្ខណៈ និងវិសាលភាពនៃសង្រ្គាមសព្វថ្ងៃទាំងស្រុង។
ការព្រមានរបស់លោក ពូទីន កើតមានឡើងចំពេលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចឱ្យសម្ព័ន្ធមិត្តលោកខាងលិចអនុញ្ញាតឱ្យកងទ័ពរបស់ លោកប្រើប្រាស់មីស៊ីលផ្ដល់ដោយលោកខាងលិច ដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយអាមេរិក ATACMS និងមីស៊ីល Storm Shadows របស់អង់គ្លេសវាយប្រហារចូលជ្រៅ ក្នុងទឹកដីរុស្ស៉ី ដើម្បីបំផ្លាញសមត្ថភាពរបស់កងកម្លាំងរុស្ស៉ី ក្នុងការវាយប្រហារលើអ៊ុយក្រែន។
លោក ពូទីន បាននិយាយថាធ្វើរបៀបនេះអាចនឹងរុញច្រានប្រទេសដែលផ្គត់ផ្គង់មីស៊ីលចម្ងាយឆ្ងាយឱ្យទីក្រុងកៀវធ្លាក់ចូលក្នុងសង្រ្គាមដោយផ្ទាល់ ពីព្រោះមានតែ កងទ័ព NATO ទេដែលមានសមត្ថភាពប្រើមីស៊ីលប្រភេទនេះជាមួយផ្កាយរណប និងការតម្រង់ទិសដៅហោះរបស់មីស៊ីល ហើយអ៊ុយក្រែនមិនមានសមត្ថភាពបែបនេះ ឡើយ។ លោក ពូទីន បានបញ្ជាក់បន្ថែមក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៉ីទៀតថា «ដូច្នេះវាមិនមែនជាបញ្ហាថាតើត្រូវអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារលើរុស្ស៉ី ដោយប្រើអាវុធប្រភេទនេះដែរ ឬក៏អត់នោះទេ ប៉ុន្តែវាជាបញ្ហាថាតើបណ្ដាប្រទេស NATO ត្រូវសម្រេចចិត្តចូលរួមដោយផ្ទាល់ក្នុងសង្រ្គាមដែរឬក៏យ៉ាងណា?»។
បើតាមលោក ពូទីន ប្រសិនបើលោកខាងលិចអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីលចម្ងាយឆ្ងាយវាយប្រហារលើទឹកដីរុស្ស៉ី នោះមានន័យថាសហរដ្ឋអាមេរិក ប្រទេស NATO និងប្រទេសអឺរ៉ុប នឹងត្រូវប្រយុទ្ធដោយផ្ទាល់ជាមួយរុស្ស៉ី នៅអ៊ុយក្រែន ហើយដែលសង្រ្គាមបែបនេះនឹងផ្ទុះទៅជាសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣។ លោក ចូ បៃដិន ធ្លាប់បានបញ្ជាក់ជារឿយៗថាការទប់ស្កាត់កុំឱ្យសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង គឺជាអាទិភាពកំពូលរបស់លោក៕