ប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Sergei Shoigu បានជួបជាមួយប្រធានាធិបតីកូរ៉េខាងជើងលោក Kim Jong Un នៅរដ្ឋធានីព្យុងយ៉ាង។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Sputnik គណៈប្រតិភូរុស្ស៊ីដឹកនាំដោយលោក Shoigu បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី 13 ខែកញ្ញា ហើយត្រូវបានស្វាគមន៍ដោយមេដឹកនាំកូរ៉េខាងជើង។
បើតាមសារព័ត៌មាន Sputnik បានរាយការណ៍អំពីព្រឹត្តិការណ៍នៃដំណើរទស្សនកិច្ចរបស់លោក Shoigu ទៅកាន់កូរ៉េខាងជើងថា “ជាផ្នែកមួយនៃកិច្ចសន្ទនាយុទ្ធសាស្ត្រដែលកំពុងបន្តរវាងប្រទេសទាំងពីរ ការផ្លាស់ប្តូរទស្សនៈសំខាន់ៗត្រូវបានធ្វើឡើងជាមួយសហសេវិកកូរ៉េខាងជើងលើបញ្ហាជាច្រើនលើរបៀបវារៈទ្វេភាគី និងអន្តរជាតិ” ។
បច្ចុប្បន្នមិនមានព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ចរបស់លោក Shoigu ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីឡើយ។ ដំណើរទស្សនកិច្ចរបស់លោក Shoigu ធ្វើឡើងក្នុងបរិបទដែលកូរ៉េខាងជើងនិងរុស្ស៊ីកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងក្នុងវិស័យជាច្រើនទៀត។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មានជំនួបកំពូលកាលពីខែមិថុនា ក្នុងទីក្រុងព្យុងយ៉ាង។ ភាគីទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូថ្មី ដែលរួមបញ្ចូលឃ្លាការពារទៅវិញទៅមក។
កាលពីថ្ងៃទី 13 ខែកញ្ញា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវលទ្ធភាពដែលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Choe Son-hui ធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី៕ ដោយធីរីណា
រូបថត: YONHAP