រយៈពេលមួយខែ ច្រកចេញតែមួយបានផ្តល់សេវាជូនប្រជាពលរដ្ឋបានជាង៤៥ម៉ឺនសេវា!

ចែករំលែក៖

ភ្នំពេញ ៖ ក្រោមមាគ៌ាដឹកនាំប្រកបដោយភាពឈ្លាសវ័យរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងដោយមានការទទួលខុសត្រូវដឹកនាំសម្របសម្រួលដោយ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងរយៈពេល៣១ថ្ងៃ នៃខែសីហា ឆ្នាំ២០២៤នេះ អង្គភាព និងការិយាល័យច្រកចេញចូលតែមួយ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស បានផ្ដល់សេវាជូនប្រជាពលរដ្ឋបានសរុបដល់ទៅ៤៥៤ ៦៧០សេវា។ នេះបើតាម បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមសេវាដែលបានផ្ដល់ជូនពលរដ្ឋជាង៤៥ម៉ឺនសេវានោះ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្ដល់សេវារដ្ឋបាលសរុបចំនួន ៧៩ ២៨២សេវា ក្នុងនោះសេវាផ្ដល់ជូនច្រើនជាងគេក្នុងចំណោម១៤វិស័យ គឺសេវាក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានរហូតដល់ទៅ ១៧ ៩៣០សេវា ខណៈសេវាមានការស្នើសុំតិចជាងគេ គឺសេវាក្នុងវិស័យពាណិជ្ជកម្ម ដែលមានត្រឹមតែ២សេវា។ ដោយឡែកចំណូលដែលទទួលបានពីការផ្ដល់សេវាតាមបណ្ដាអង្គភាពច្រកចេញចូលរាជធានី ខេត្ត នេះ មានសរុបចំនួន ១២ ៣៧២ ២១៦ ១៣៥រៀល ស្មើនឹងប្រមាណ៣លានដុល្លារអាម៉េរិក។

ចំណែកការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌវិញ ក្នុងខែសីហាដូចគ្នា លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានបន្តឱ្យដឹងថា ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន ៣៧៥ ៣៨៨សេវា ក្នុងនោះសេវាការងារអត្រានុកូលដ្ឋានបានផ្ដល់ជូនច្រើនជាងគេ បើធៀបនឹងសេវាក្នុងវិស័យទាំង១៧ គឺមានរហូតដល់ទៅ ២២៨ ៥១៦សេវា ខណៈសេវាដែលមានការស្នើសុំតិចជាងគេ គឺសេវាវិស័យបរិស្ថានមានចំនួន២សេវា និងសេវាវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនទទួលបានការស្នើសុំតែម្ដង។ ទន្ទឹមនឹងនេះ ក្នុងខែសីហា ការផ្ដល់សេវាសរុបតាមការិយាល័យច្រកចេញចូលតែមួយ ទទួលចំណូលចំនួន ៨៦៨ ៧១៣ ៤៦០រៀល ស្មើនឹងប្រមាណជាង២១ម៉ឺនដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា សេវាដែលអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បាននឹងកំពុងផ្ដល់ជូនប្រជាពលរដ្ឋទាំង១៤វិស័យ រួមមាន ១-ការងារនីត្យានុកូលកម្ម(ការបញ្ជាក់លើឯកសារថតចម្លង) ២-ការងាររដ្ឋបាល ៣-វិស័យសុខាភិបាល ៤-វិស័យទេសចរណ៍ ៥-វិស័យសាធារណការ និងដឹកជញ្ជូន ៦-វិស័យវប្បធម៌ និងវិចិត្រសិល្បះ ៧-វិស័យព័ត៌មាន ៨-វិស័យបរិស្ថាន ៩-វិស័យឧស្សាហកម្ម និងសិប្បកម្ម ១០-វិស័យរ៉ែ និងថាមពល ១១-វិស័យពាណិជ្ជកម្ម ១២-វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១៣-វិស័យកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង១៤-វិស័យការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ។

ដោយឡែក សម្រាប់សេវាដែលការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បាននឹងកំពុងផ្តល់ជូនប្រជាពលរដ្ឋ ក្នុងវិស័យជំនាញចំនួន១៧ រួមមាន៖ ១-វិស័យទេសចរណ៍ ២-វិស័យវប្បធម៌ ៣-វិស័យពាណិជ្ជកម្ម ៤-វិស័យសាធារណការ ៥-វិស័យឧស្សាហកម្ម ៦-វិស័យសំណង់ ៧-វិស័យកសិកម្ម ៨-វិស័យសុខាភិបាល ៩-វិស័យអប់រំ ១០-វិស័យរ៉ែនិងថាមពល ១១-វិស័យបរិស្ថាន ១២-វិស័យការងារ ១៣-វិស័យធម្មការនិងសាសនា ១៤-ការងារអត្រានុកូលដ្ឋាន ១៥-ការងារនីត្យានុកូលកម្ម ១៦-ការងាររដ្ឋបាល និងទី១៧-ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print