ខេត្តពោធិ៍សាត់ ៖ លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងតាមប្រព័ន្ធបច្ចេកវិទ្យាសង្គម(វ័តអាប់)នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា លោក កូយ កាន់យា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជាតាមរយៈទូរស័ព្ទឱ្យមន្ត្រីនគរបាលជំនាញកសាងសំណុំរឿងផ្ដន្ទាទោសលើជនសង្ស័យចំនួន០៣នាក់(ចោរលួចគោញីម្នាក់ និងអ្នកទទួលផល២នាក់) ។
លោកឧត្ដមសេនីយ៍ត្រី ស្នងការរងឱ្យដឹងទៀតថា ជនសង្ស័យចោរលួចគោឈ្មោះ ម៉ន មី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងអ្នកទទួលផល ទី១- ឈ្មោះ សុះ លី ភេទប្រុស អាយុ៣៤ឆ្នាំ និងទី២- ឈ្មោះ ស៊ឹម សុះ ភេទប្រុស អាយុ ៣៥ឆ្នាំ អ្នកទាំង២នាក់ រស់នៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងផ្ដន្ទាទោស ពាក់ព័ន្ធករណី(លួចសត្វគោ និងអ្នកទទួលផល)នេះ គឺអនុវត្តតាមបណ្ដឹងរបស់ឈ្មោះ ស៊ុន នី ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិ(ឧបសម្ព័ន្ធ)ប៊ុនរ៉ានីសែនជ័យ នៃភូមិសាយ ឃុំព្រងឹល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោកស្នងការរងឲ្យដឹងទៀតថា ចំពោះសត្វពាហនៈ(គោ)ញីចំនួន០២ក្បាល ដែលមានសម្បុរក្រហមនិងស បានប្រគល់ជូនម្ចាស់(ស៊ុន នី) ចំណែកម្ចាស់គោយន្តកន្រ្តៃស៊ីឈ្នួលដឹកគោ លោក ព្រះរាជអាជ្ញាឱ្យនគរបាលធ្វើការអប់រំឱ្យទៅផ្ទះវិញ ។
លោក រំលឹកបន្ថែមទៀតថា ជនសង្ស័យចោរលួចគោ និងអ្នកទទួលផលត្រូវបានប្រជាការពារភូមិ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល ធ្វើការឃាត់ខ្លួនយកមកសួរនាំ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បន្ទាប់ពីមានប្រជាពលរដ្ឋម្នាក់ទទួលដំណឹងពីម្ចាស់គោថា(បាត់) ហើយចៃដន្យក៍ប្រទះឃើញកំពុងធ្វើសកម្មភាពត្រង់ចំណុចខាងលើ ក៍ជូនដំណឹងម្វាស់គោនាំគ្នាឆោឡោមកមើលពិតជាគោគាត់មែន ទើបប្ដឹងទៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រងិល ដើម្បីជួយអន្តរាគមរួចនាំទៅប៉ុស្ដិ៍តែម្ដង ៕ ដោយៈ ប៉ឹម ពិន