ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបមក
-លោក លោកស្រីអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត
-លោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ជ្រាបថា ៖ ផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលទើបប្រកាសចូលកាន់តំណែងថ្មីត្រូវរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ប្រាំឆ្នាំនៃអាណត្តិរបស់ខ្លួន ដើម្បីដាក់ចេញនូវចក្ខុវិស័យក្នុងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន។
លើមូលដ្ឋាននេះ ដើម្បីឱ្យការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលាកំណត់ និងទទួលបានលទ្ធផលល្អប្រសើរ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងលោក លោកស្រី អភិបាល នៃគណៈអភិបាល ក្រុង ស្រុក ខណ្ឌ ចាត់ចែងអនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១- ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) ឱ្យបានចប់សព្វគ្រប់ក្នុង ឆ្នាំទី១ នៃអាណត្តិរបស់ខ្លួនដោយត្រូវបញ្ចប់ឱ្យបានរួចរាល់យ៉ាងយូរត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៥។
២- ត្រូវបង្កើតក្រុមការងារទទួលបន្ទុករៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែង ក្នុងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំបច្ចេកទេសនានាជាធរមាន។
៣- ត្រូវរៀបចំប្រតិទិនការងារស្តីពីការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) ឱ្យបានទាន់ពេលវេលាកំណត់។
៤- ត្រូវចាប់ផ្តើមការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) ស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ការរៀបចំ និងកសាងផែនការនេះ ត្រូវឆ្លុះបញ្ចាំង និងឆ្លើយតបនឹងគោលបំណង និងគោលដៅអាទិភាពនៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រួមទាំងកម្មវិធីនយោបាយ អាទិភាពនានារបស់ថ្នាក់ជាតិដោយផ្តោតលើវិស័យជាអាទិភាពក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចនៅមូលដ្ឋាន ជួយលើកកម្ពស់ជីវភាព និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។
៥- ត្រូវផ្ញើសេចក្តីសម្រេចបង្កើតក្រុមការងារទទួលបន្ទុករៀបចំ និងកសាងផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) និងប្រតិទិនការងារ នៃការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) និងត្រូវបញ្ជូនព័ត៌មានស្តីពី វឌ្ឍនភាពការងារកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជូនមកក្រសួងមហាផ្ទៃ រៀងរាល់បី (០៣)ខែម្តង តាមទម្រង់គំរូដូចមានជូនភ្ជាប់ជាមួយ។ ទន្ទឹមនេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើការណែនាំ ជំរុញ និងគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) និងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២៥-២០២៧)។
ព័ត៌មានបន្ថែម និងការបញ្ជូនឯកសារ និងព័ត៌មានផ្សេងៗជូនមកក្រសួងមហាផ្ទៃលើការងារ ខាងលើនេះ សូមធ្វើការទំនាក់ទំនង លោក វ៉ែន សំណាង ប្រធានការិយាល័យ តាមរយៈលេខទូរសព្ទ ០១២ ៣១៥ ១១១ និងលោក ព្រោន មុនីភាព ប្រធានការិយាល័យ តាមរយៈលេខទូរសព្ទ ០១២ ៧១១ ៧២០។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និង លោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ជ្រាប និងចាត់ចែងអនុវត្តតាមខ្លឹមសារខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ៖ សិលា