សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្រូពេទ្យទាំងអស់ត្រូវដាក់អភិក្រមខ្លួនឯងថា «រៀនពេទ្យ ដើម្បីជួយមនុស្ស»

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែតបានមានប្រសាសន៍សង្កត់ធ្ងន់ថា គ្រូពេទ្យទាំងអស់ត្រូវដាក់អភិក្រមខ្លួនឯងថា «រៀនពេទ្យ ដើម្បីជួយមនុស្ស»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញក្តីសោមនស្សរីករាយ ដោយបានមកចូលរួម នៅក្នុងពិធីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្ដាល, អគារចំណត និងរោងជាង, និងអគារវជ្ជសាស្តស៊ីក្លូតុង នៅមន្ទីរពេទ្យកាល់ម៉ែត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត។ ជាពិសេសការដាក់ចេញនូវយន្តការគន្លឹះ ក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល និង ប្រព័ន្ធសុខភាពសាធារណៈ ស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែងរបស់រាជរដ្ឋាភិបាល។ 

ក្នុងឱកាសនេះ សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា បន្ថែមពីលើវិធានការអនុវត្តជាគន្លឹះ និងសកម្មភាពដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពសកលនៅឆ្នាំ២០៣៥ ឱ្យមានប្រសិទ្ធភាពខ្ពស់ ខ្ញុំសូមផ្តល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១. ការធ្វើទំនើបកម្ម និង បរិវត្តកម្ម, ការផ្តល់សេវាថែទាំសុខភាព នៅមន្ទីរពេទ្យ កាល់ម៉ែត គឺជាការបោះជំហានទៅមុខនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា ដើម្បីឈានទៅដល់ កម្រិតមួយដែលការអនុវត្តក្នុងផ្នែកវេជ្ជសាស្ត្រមានភាពជាក់លាក់ អាចឆ្លើយតបទៅនឹង លក្ខខណ្ឌជំងឺរបស់បុគ្គលម្នាក់ៗ (Precision Medicine and Personalized Medicine)។ ដូច្នេះ ក្រសួងសុខាភិបាល ត្រូវយកការធ្វើទំនើបកម្ម និង បរិវត្តកម្មនេះ ធ្វើជាឧត្តមានុវត្តន៍ សម្រាប់ការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព, នៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យ ខេត្តមួយចំនួនផ្សេងទៀត ព្រមទាំងមន្ទីរពេទ្យតំបន់ ដែលរាជរដ្ឋាភិបាលគ្រោងនឹងបង្កើតឡើងក្នុងពេលខាងមុខនេះ ។

ទី២. សូមបង្កើនសកម្មភាពផ្ដល់ការអប់រំ, ការបង្ការ និង ការថែទាំសុខភាពដល់ប្រជាជន, គ្រួសារ និងសហគមន៍ សំដៅលើកកម្ពស់ការអនុវត្តរបៀបរស់នៅប្រកបដោយសុខភាព ក៏ដូចជា ការធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការស្វែងរក និងការប្រើប្រាស់សេវាថែទាំសុខភាព រាល់ពេលមានបញ្ហាសុខភាព នៅក្នុងមូលដ្ឋានសុខាភិបាលដែលនៅជិតលំនៅឋាន និង ពីអ្នកផ្តល់សេវាសុខាភិបាល ដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានសមត្ថភាពពិតប្រាកដ ។

ទី៣. គ្រូពេទ្យ, បុគ្គលិកបច្ចេកទេស និងបុគ្គលិកសុខាភិបាល, ទាំងក្នុងវិស័យសាធារណៈ និង ឯកជន, ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និង សេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ ដែលអ្នកជំងឺ, គ្រួសារអ្នកជំងឺ, ប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម ត្រូវចំណាយខ្ពស់ ។ លើសពីនេះ ត្រូវកសាង និងរក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបទប្រកបដោយក្រមសីលធម៌វិជ្ជជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំងលើកទឹកចិត្ត អ្នកជំងឺ និងគ្រួសារអ្នកជំងឺ ឱ្យចូលរួមក្នុងការសម្រេចចិត្តលើការព្យាបាល ព្រមទាំងការផ្តល់ចំណេះដឹង និង បទពិសោធអំពីការបង្ករបឋម, ការព្យាបាល, ការបង្ការ,ការគ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និង ការថែទាំអ្នកជំងឺជាដើម ។

ទី៤. ពង្រឹងការអនុវត្តយន្តការតាមដាន និង កែលម្អគុណភាពសេវានៅមូលដ្ឋានសុខាភិបាលគ្រប់កម្រិត រួមទាំងការតាមដាននិន្នាការពេញចិត្តចំពោះសេវាអ្នកជំងឺ ឬ អតិថិជន, រៀបចំអនុវត្តសកម្មភាពកែលម្អគុណភាពជាប្រចាំ ដោយរាប់បញ្ចូលទាំងសកម្មភាពគ្រប់គ្រងគ្លីនិក និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយនវានុវត្តន៍ ដើម្បីបង្កើនគុណភាពសេវាសុខាភិបាលល្អសម្រាប់ជាឧត្តមប្រយោជន៍ដល់អ្នកជំងឺ និង ប្រជាជន ។ ទន្ទឹមនេះ, ត្រូវលើកកម្ពស់ភាពឆ្លើយតបរហ័ស និងគណនេយ្យភាព ក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ ដើម្បីរក្សាការជឿទុកចិត្តរបស់អ្នកជំងឺ អតិថិជន និងសាធារណជន តាមរយៈការការអនុវត្តយន្តការទទួលព័ត៌មានត្រឡប់ មតិយោបល់ពាក់ព័ន្ធសេវា។

ទី៥. ក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយជូន ប្រជាជនគោលដៅ ដូចជាសាធារណជននូវកម្មវិធីគាំពារសុខភាពសង្គមឱ្យជ្រួតជ្រាបអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ត្រឹមត្រូវនូវសេវាថែទាំសុខភាព នៅក្រោមកម្មវិធីគាំពារសុខភាពសង្គមរបស់រាជរដ្ឋាភិបាល និង អំពីនីតិវិធីសម្រាប់ការទទួលបាននូវអត្ថប្រយោជន៍ទាំងនោះ, និងត្រូវធានាថា អ្នកជំងឺគ្រប់រូប រួមទាំងប្រជាជនមានបណ្ណសមធម៌, បណ្ណសមាជិក បសស និង ក្រុមជនគោលដៅដទៃទៀត នៃកម្មវិធីគាំពារសុខភាពសង្គម អាចទទួលបានសេវាថែទាំ សុខភាព ដែលមានគុណភាព និងសុវត្ថិភាពតាមស្តង់ដាបច្ចេកទេស ដោយគ្មានភាពរើសអើង និង មិនគិតអំពីស្ថានភាពសង្គម-សេដ្ឋកិច្ច ពណ៌សម្បុរ សាសនា ឬ និន្នាការនយោបាយ ។

ទី៦.ជំរុញការអនុវត្តសកម្មភាពអន្តរ/ពហុវិស័យ ឬ ភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីបង្កើនបរិស្ថានគាំទ្រ សម្រាប់ផ្សារភ្ជាប់រវាងការថែទាំបឋមជាមួយសេវាជំនួយសង្គម ការជួយប្រជាជនងាយរងគ្រោះ ឱ្យទទួលបានសេវាសុខភាព និង សេវាសង្គមកាន់តែប្រសើរ ,ការប្រកាន់ ឥរិយាបថល្អដើម្បីសុខភាព , ការលើកស្ទួយការលូតលាស់របស់កុមារក្នុងដំណាក់ ដំបូងនៃជីវិត, ការបង្កឱកាសទទួលបានការសិក្សា, ការបង្ការអំពើហិង្សាក្នុងគ្រួសារ និង ការ ប្រើប្រាស់គ្រឿងញៀន, ការលើកកម្ពស់ចំណីអាហារសុខភាព និង កន្លែងធ្វើការមានសុវត្ថិភាព,ការបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ការពង្រីកសួនច្បារ ឬ ទីកន្លែងសាធារណៈបៃតង៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print