ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈផេកផ្លូវការ សម្តេចបានលើកឡើងថា ៖ កាលពីថ្ងៃរសៀលម្សិលមិញ បានឆ្លៀតចូលវិទ្យាល័យហ៊ុនសែនតាខ្មៅ បន្ទាប់ពីទទួលបានសំណូមពររបស់ក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពាក់ព័ន្ធនឹងការខ្វះខាតថ្នាក់រៀន ដោយសារចំនួនសិស្សមានការកើនឡើងច្រើន។ ម្យ៉ាងទៀតក៏ចង់ចូលមើលវិទ្យាល័យនេះ ដែលខ្ញុំធ្វើដំណើរឆ្លងកាត់ពេលទៅធ្វើការ រយៈពេលជាង១ឆ្នាំមកហើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ៖ បន្ទាប់ពីបានចុះពិនិត្យទីតាំងជាក់ស្តែង និងបានពិភាក្សាជាមួយលោកនាយកសាលា និងលោកគ្រូនៅសាលា ខ្ញុំបានសម្រេចផ្ដល់ជូននូវអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង ៣០បន្ទប់ ព្រមទាំងផ្តល់ជូននូវឧបករណ៍ សម្ភារៈមួយចំនួនទៀតសម្រាប់បម្រើដល់ការអប់រំ បណ្ដុះបណ្ដាលដល់សិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនតាខ្មៅនេះ ដែលបច្ចុប្បនមានសិស្សសរុប ២ ៣៥១ នាក់ ដោយរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខ ៕